ភ្នំពេញ៖ តបតាមការអញ្ជើញ របស់រដ្ឋាភិបាលប្រទេសអូស្រា្តលី លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៤នេះ រហូតដល់ថ្ងៃទី២៧ ខែមីនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រួមជាមួយលោក ភីថើ ឌុចសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី នឹងចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នា រវាងរដ្ឋាភិបាលទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ នៅមន្នីររដ្ឋសភាពនៃទីក្រុងកង់ប៊ែរាំ។
ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនេះ លោកស ខេង នឹងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អូស្ត្រាលីរួមមាន លោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក ភីថើ ឌុចសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី ព្រមទាំងចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយសហគមន៍ខ្មែរ នៅទីក្រុងស៊ីដនីផងដែរ៕