ក្មេងស្ទាវ​មួយក្រុម​កាប់​ចាក់​សម្លាប់​យុវជន​ម្នាក់​នៅ​សង្កាត់​ចោមចៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2018 ក+ ក-

​ភ្នំពេញ​៖​យុវជន​ម្នាក់​ត្រូវ​ក្រុមក្មេងស្ទាវ​មួយក្រុម​នាំគ្នា​ដេញ​ចាក់ និង​កាប់ បណ្តាលអោយ​រងរបួស​ធ្ងន់​ហើយ​ស្លាប់​បាត់បង់​ជីវី​ត នៅក្នុង​មន្ទីរពេទ្យ ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ហើយ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៦​ព្រឹក ។
ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ​ប៉ុន​ធឿន ធារ៉ា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រងរបួស​ពេញ​ខ្លួន និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ឯកជន​ក្បែរ​នោះ​។
តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ជនរងគ្រោះ​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១​យប់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​រត់ និង​ស្រែក​អោយ​អ្នកភូមិ ជួយ បន្ទាប់ពី​មាន​ក្មេងស្ទាវ​មួយក្រុម ប្រដាប់​ដោយ​កាំបិត និង​ដែកឆាប​ដេញ​ចាក់​បណ្តាលអោយ​រងរបួស​។​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ជនដៃដល់​បា​នាំគ្នា​គេច​បាត់ ហើយ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​កាន់​មន្ទីរពេទ្យ ឯកជន​នៅក្បែរនោះ ហើយ​ដាច់ខ្យល​ស្លាប់​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹងថា​ជនរងគ្រោះ​មានរឿង​អ្វី​នោះទេ បានជា គេ​ដេញ​ចាក់​បែបនេះ ។
​តាម​ព័ត៌មាន​អោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃទី​០៨ ខែមករា ទើប​គ្រួ​សារបាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ព្រមទាំង​ស្រាវជ្រាវ​រកមុខ ឃាតករ
​សព​ត្រូវបាន​នគរបាល​ប្រគល់អោយ ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕