ភ្នំពេញ៖ ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា គ្រោងដាក់សំណើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក សំ សុគង់ មេធាវីមួយរូបរបស់លោក កឹម សុខា ប្រាប់អ្នកការសែតថា ក្រុមមេធាវី ពិភាក្សាគ្នាម្តងទៀតទាក់ទងនឹងការរៀបចំសំណើសុំនៅក្រៅឃុំ ដើម្បីសម្រេចជាផ្លូវការនឹងដាក់សំណើនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា លោក កឹម សុខា បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង នាខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃ៣ ខែកញ្ញា ឆ្នាំ២0១៧ រួចមក ក្រុមមេធាវីបានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ និងឈានដល់តុលាការកំពូល ដើម្បីសុំជំទាស់ ប៉ុន្តែបរាជ័យក្នុងការតវ៉ា ស្នើសុំ។
ទោះជាយ៉ាងណាក្តី បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ កន្លងមក លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានទៅជួបលោក កឹម សុខា ដល់ពន្ធនាគារចំនួនបីលើករួចមកហើយ ប៉ុន្តែលទ្ធផលយ៉ាងណានោះ តុលាការមិនទាន់ប្រកាសជា ផ្លូវការនៅឡើយទេ៕