ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលមានអាយុ ៧៧ឆ្នាំ ឲ្យបង្ហាញខ្លួនជាកំហិត ក្នុងសវនាការ នាពេលខាងមុខ។
យោងតាមដីកាកោះហៅ លោក សៀង សុខ បានបញ្ជូនសំណុំរឿងរបស់លោក លឺ ឡាយស្រេង ទៅជំនុំជម្រះដោយផ្ទាល់តែម្តង ពោលគឺ មិនឆ្លងកាត់ដំណាក់កាលនៃការស៊ីបសួរនោះទេ។ បច្ចុប្បន្ន លោក លឺ ឡាយស្រេង បានគេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ចាប់តាំងមានក្តីក្តាំនេះនៅតុលាការ។
មូលហេតុ ដែលនាំឲ្យមានពាក្យបណ្តឹងនេះ កើតឡើង គឺដោយសារតែលោក លឺ ឡាយស្រេង បាននិយាយកាលពីដើមខែតុលា ឆ្នាំ២0១៧ ថា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់ប្រាក់ប្រមាណ ១លានដុល្លារ ដល់គណបក្សហ្វ៊ុនស៊ិនប៉ិច ជាថ្នូរនៃការប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ នៅក្នុងពាក្យបណ្តឹង លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន បានចាត់ទុក ការលើកឡើងបែបនេះរបស់លោក លឺ លាយស្រេង ថាជាអំពើទុច្ចរិត និងជាការបំផ្លើស ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សម្តេច ហ៊ុន សែន។
ក្នុងពាក្យបណ្តឹងនោះដដែល លោកមេធាវី គី តិច មិនត្រឹមតែស្នើឲ្យតុលាការ ផ្តន្ទាទោសប៉ុណ្ណោះទេ ប៉ុន្តែលោក ថែមទាំងទាមទារឲ្យលោក លឺ ឡាយស្រេង បង់ប្រាក់ចំនួន ៥រយលានរៀល ដល់សម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង ផងដែរ។ លោក គី តិច បានយកខ្សែអាត់សំឡេងរបស់លោក លឺ ឡាយស្រេង ដែលបែកធ្លាយ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ សីហា ធ្វើជាអង្គហេតុនៃការប្តឹង។

លោក លឺ ឡាយស្រេង មិនបដិសេធនោះទេ ចំពោះសំឡេងបែកធ្លាយនេះ។ ក្រោយទំព័រហ្វេសប៊ុកឈ្មោះសីហា បង្ហោះសំឡេងរបស់លោក លឺ ឡាយស្រេង ដែលសន្ទនាគ្នាតាមទូរសព្ទជាមួយស្ត្រីម្នាក់ឈ្មោះ គី លំអង ដែលជាអតីតតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិចដែរនោះ លោក ក៏ចេញមកសារភាព និងសុំទោសចំពោះសម្តេច ហ៊ុន សែន។ លើសពីនេះ លោក ក៏បានសុំព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ ផងដែរ ដ្បិតលោក បានប្រើពាក្យពេចន៍ខ្លះ ដែលមានលក្ខណៈប្រមាថ ដល់ព្រះមហាក្សត្រ។
ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ លោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់បរទេសបាត់ទៅហើយ ដោយប្រកាសពីចម្ងាយឆ្លើយតបទៅនឹងដីកាកោះរបស់តុលាការ ថា លោកកំពុងសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស៕