លោក ម៉ម សូណង់ដូ ឆ្លើយតប​នឹង​តុលាការ​ថា លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​បរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានបង្ហាញ​អំពី​មូលហេតុ​ដែល​លោក​មិនអាច​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ជុំវិញ​សំណុំរឿង​របស់លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​តាមរយៈ​លិខិត​មួយ ដែល​ទើបនឹង​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​លោក​ម៉ម សូណង់ដូ បាន​អះអាងថា ពេលនេះ​លោក​កំពុងមាន​វត្ត​មាននៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព ហើយ​លោក​ក៏បាន​ស្នើសុំ​អភ័យទោស​ពី​សំណាក់​តុលាការ​ផងដែរ ដែល​ខ្លួន​អវត្តមាន​ក្នុង​ការចូល​បំភ្លឺ​តាម​ការកោះហៅ​ជា​លើក​ទី​៣​។​
​លោក​ម៉ម សូណង់ដូ បានបញ្ជាក់​ក្នុង​លិខិត​នេះ ថា គ្រូពេទ្យ​ទើបបាន​បញ្ជាក់ថា ការពិនិត្យ​សុខភាព​របស់ខ្ញុំ​នៅ​ប្រទេស​បារាំង នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ខ្ញុំ​នឹង​ជម្រាបជូន​លោក​ចៅក្រម​ម្តងទៀត នៅពេល​ខាងមុខ​យ៉ាងខ្លី ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​មកដល់​ស្រុក​ខ្មែរ​។​
​សូម​ជម្រាប ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ​លោក​គី ឫទ្ធី កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក​ម៉ម សូណង់ដូ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុងនាម​ជា​សាក្សី​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់លោក​កឹម សុខា​។​
​ដីកាកោះ​របស់លោក​គី ឫទ្ធី បាន​តម្រូវ​ឲ្យ​លោក​ម៉ម សូណង់ដូ ចូល​បំភ្លឺ​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​នៅ​បន្ទប់​”​គ​#​ជាន់​ទី​៣ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អំពី​ដំណើររឿង ស​ន្និ​ដ្ឋិ​ភាពជា​មួយ​ប្រទេស ប្រព្រឹត្ត​ដោយ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ម៉ម សូណង់ដូ ត្រូវ​ចូលខ្លួន​ឲ្យ​ទាន់ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿងនេះ ទៅជា​មួយ​ផង​៕