ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត បញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីកីឡាកងទ័ព នៅទីលានកោះពេជ្រ ហើយពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមនាយឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនាយទាហាន ពលទាហាន សិល្បករ សិល្បការិនី ព្រមទាំងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនចូលរួមផងដែរ។
សូមជម្រាបថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ នឹងមានការចល័តយុទ្ធោបករណ៍នៃកងយោធពលខេមរភូមិន្ទមួយចំនួនទៅកាន់មជ្ឈមណ្ឌលមណ្ឌលកោះពេជ្រ ដើម្បីដាក់តាំងពិព័រណ៍បង្ហាញដល់សាធារណជន។ សាលារាជធានីភ្នំពេញ បានសុំឲ្យប្រជាពលរដ្ឋទាំងអស់កុំមានការភ្ញាក់ផ្អើលចំពោះការចល័តយុទ្ធោបករណ៍ទាំងអស់នេះ។ការចល័តយុទ្ធោបករណ៍ទាំងអស់នេះ គឺដើម្បីយកទៅតាំងពិព័រណ៍ក្នុងឱកាសដែលកងយោធពលខេមរភូមិន្ទរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។
បើតាមការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ការចល័តយុទ្ធោបករណ៍នេះចែកចេញជាពីគោលដៅ។ ក្នុងនោះមួយគោលដៅ នឹងធ្វើចេញពីកងពលតូចថ្មើរជើងលេខ៧០ ក្នុងខណ្ឌពោធិ៍សែនជ័យ កាត់លើកំណាត់ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង មហាវិថីម៉ៅសេទុង ឆ្ពោះមកវិថីសម្តេចសុធារស ហើយឆ្លងទៅមជ្ឈមណ្ឌលកោះពេជ្រ។
ដោយឡែកមួយគោលដៅទៀត គឺចល័តចេញពីទីបញ្ជាការដ្ឋានកងអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លងកាត់តាមផ្លូវជាតិលេខ២១ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅមហាវិថីព្រះនរោត្តម ហើយឆ្ពោះទៅវិថីសម្តេចសុធារស រួចបន្តទៅមជ្ឈមណ្ឌលកោះពេជ្រ៕