ស្ទឹងត្រែង ៖ សហគមន៍ទេសចរណ៍ សម្រស់ធម្មជាតិទន្លេមេគង្គ «កោះខេ» សុំឱ្យស្លាប័នពាក់ព័ន្ធ ផ្តល់ការគាំទ្រ និងលើកចិត្តពួកគាត់ ដើម្បីបន្តអភិរក្ស អភិវឌ្ឍតំបន់ទេសចរណ៍មួយនេះឱ្យបានកាន់តែល្អ
ប្រជាសហគមន៍ទេសចរណ៍ សម្រស់ធម្មជាតិ ទន្លេមេគង្គ កោះខេ ឬ ចំការខេ ដែលមានភូមិសាស្ត្រស្ថិតនៅកណ្ដាលទន្លេមេគង្គ ក្នុងភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានអំពាវនាវដល់ ស្ថាប័នពាក់ព័ន្ធ មានដូចជា មន្ទីរទេសចរណ៍ ក្រសួងទេសចរណ៍ មន្ទីរបរិស្ថាន ក្រសួងបរិស្ថាន និងអាជ្ញាធរក្នុងខេត្ត សុំជួយគាំទ្រ ជាបច្ចេកទេស បទពិសោធន៍ និងការណែនាំ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងការបន្តនិរន្តរភាពអភិរក្ស និងទាក់ទាញទេសចរ ឱ្យមកកំសាន្តតំបន់នោះ បានកាន់តែច្រើននិងល្អប្រសើរថែមទៀត នៅក្នុងរដូវប្រាំនេះ។
ប្រធានសហគមន៍អភិរក្ស តំបន់ទេសចរណ៍ សម្រស់ធម្មជាតិ ទន្លេមេគង្គ លោក ហ្វយ ប៊ុនវី បានឱ្យដឹងថា តំបន់រមណីយដ្ឋានធម្មជាតិថ្មីមួយ ទើបតែបង្កើតនៅក្នុងអំឡុងខែមករាឆ្នាំ២០១៧កន្លងទៅនេះ ដោយប្រជាជនក្នុងមូលដ្ឋានចំនួន២២គ្រួសារ។ ក្នុងឆ្នាំកន្លងទៅតំបន់ទេសចរណ៍មួយនេះបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានយ៉ាងច្រើន ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំចិន និងបុណ្យជាតិនានា ដែលមាននៅចន្លោះពីខែ មករា ដល់ខែឧសភា ពោលគឺនៅក្នុងរដូវប្រាំងតែម្តង។ សហគមន៍អភិរក្សតំបន់កោះខេ អាចចាត់ទុកថា ជាជំហានជោគជ័យ នៃការចាប់ផ្ដើមបង្កើតតំបន់រមណីយដ្ឋានធម្មជាតិថ្មីមួយនេះ។
រមណីយដ្ឋានធម្មជាតិកោះខេ ភ្ញៀវទេចរអាចធ្វើដំណើរទៅកំសាន្ត តាមរយៈ រថយន្ត ឬ ម៉ូតូ ពីទីរួមខេត្តស្ទឹងត្រែង ឆ្លងស្ពានសេកុង តាមផ្លូវជាតិលេខ៧អា ប្រមាណជា២០គីឡូម៉ែត្រ ពីទីរួមខេត្ត ទៅដល់ចំណុច សង្កាត់សាមគ្គី មានផ្លូវបត់ឆ្វេង ចូលទៅកាន់ដងទន្លេមេគង្គ ក្នុងភូមិខេ។ នៅតំបន់នោះ មានទីប្រជុំកោះតូចៗជាច្រើន នៅកណ្ដាលទន្លេមេគង្គ ចម្ងាយប្រមាណជាង២គីឡូម៉ែត្រ ពីច្រាំងទន្លេខាងកើត។ ភ្ញៀវទេសចរអាចឆ្លងទៅកាន់កោះនោះ តាមរយៈមធ្យោបាយ កាណូត ឬទូកដឹកជញ្ជូនរបស់សហគមន៍។
លោកប្រធានសហគមន៍បានបញ្ជាក់ថា តំបន់រមណីយដ្ឋានមួយនេះ មានសក្ដានុពលទាក់ទាញអ្នកទេសចរយ៉ាងល្អប្រសើរ ក្នុងនោះ ភ្ញៀវអាចកំសាន្តឆ្នេរខ្សាច់តូចៗ ដែលមានពន្លឺប្លេកៗ ដូចកំរាលមាស អាចគយគន់ទេសភាពធម្មជាតិ និងហ្វូងបក្សីជាច្រើនប្រភេទ ដែលជាផ្នែកមួយរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាសហគមន៍នៅតំបន់នេះ។
សហគមន៍ទេសចរណ៍ធម្មជាតិកោះខេ បានទទួលការអនុញ្ញាតិពី មន្ទីរទេសចរណ៍ខេត្ត និងបានអប់រំ ផ្សព្វផ្សាយសហគមន៍ ឲ្យយល់ដឹងពីការគ្រប់គ្រងអនាម័យ និងសេវាកម្ម ដើម្បីលើកម្ពស់សេវាកម្មទេសចរណ៍ឲ្យកាន់តែប្រសើរ។ ក្រៅពីនេះសហគមន៍ ក៏មានសម្ភារៈសង្គ្រោះ មានប្រជាការពារ ដែលមានកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងការការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរបានយ៉ាងល្អ។ ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយ ក៏សហគមន៍មួយនេះ នៅមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានការគាំទ្រ ឱ្យបានខ្លាំងក្លា ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត។
លោក ហ្វយ ប៊ុនវី ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីបានបង្កើតជាសហគមន៍រួចមក សហគមន៍មួយនេះ ហាក់ដូចជាពុំមានការយកចិត្តទុកដាក់ ពីស្ថាប័នជំនាញណាមួយ ផ្តល់កិច្ចគាំទ្រ និងលើកទឹកចិត្តនោះឡើយ ពោលគឺមានតែសមាជិកសហគមន៍ប្រមាណជា២២គ្រួសារប៉ុណ្ណោះ ដែលខិតខំប្រឹងប្រែងដោយខ្លួនឯង។
លោកបន្តថា សហគមន៍គ្រោងនឹងរៀបផែនការអភិវឌ្ឍន៍បន្ថែមទៀត នូវសេវាដឹកជញ្ជូនរួមជាមួយសេវារក្សាសុវត្ថិភាព ជូនអ្នកទេសចរ ដើម្បីធានាសុខសុវត្ថិភាព ជូនទេសចរ ដែលមកលេងនៅតំបន់នោះ។ សម្រាប់ឆ្នាំ២០១៨នេះ សហគមន៍បានបើកទ្វារទទួលភ្ញៀវទេសចររដូវកាលថ្មី ឱ្យមកលេងកំសាន្ត ចាប់ពីថ្ងៃបុណ្យជាតិ៧មករា តទៅ។
សូមបញ្ជាក់ថា នៅតំបន់រមណីយដ្ឋានសម្រស់ធម្មជាតិទន្លេមេគង្គ អ្នកទេសចរអាច មុជទឹកលេងកំសាន្តឆ្នេរខ្សាច់ ទស្សនារុក្ខជាតិដុះចេញពីផ្ទៃទឹកដ៏ស្រស់ស្អាត និងសម្រាកពិសាម្ហូបអាហារលើផ្ទះទឹក ជាលក្ខណៈជួបជុំគ្រួសារ មិត្តភ័ក្ដិ អមដោយខ្យល់បរិសុទ្ធនៅកណ្ដាលទន្លេមេគង្គ ដែលជាសម្រស់ធម្មជាតិពិតៗ។ សហគមន៍ទេសចរណ៍ សម្រស់ធម្មជាតិ ទន្លេមេគង្គ កោះខេ ឬ ចំការខេនេះ អាចទទួលភ្ញៀវទេសចរមកលេងកំសាន្តបានតែក្នុងរដូវប្រាំងតែប៉ុណ្ណោះ ពោលគឺចាប់ពីខែមករា រហូតដល់ខែឧសភា ឬ ខែមិថុនា តែប៉ុណ្ណោះ។ ចំណែករដូវវស្សាគឺទឹកជ្រៅ ហូរខ្លាំង មិនអាចមកលេងកំសាន្តបានឡើយ៕