ភ្នំពេញ ៖ ក្រុមហ៊ុន OCIC កំពុងពន្លឿនការសាងសង់ស្ពានបេឡេ តភ្ជាប់ពីតំបន់ជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបញ្ចប់ និងដាក់ឲ្យដំណើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យដឹងនៅថ្ងៃទី១១មករាថា បច្ចុប្បន្នក្រុមការងារកំពុងពន្លឿនការរៀបចំសាងសង់ស្ពាននេះ ដែលបច្ចុប្បន្នសម្រេចបានប្រមាណ៣០ភាគរយហើយ។ នៅពេលការបុកគ្រឹះបញ្ចប់ស្ពានបេឡេ ប្រវែង៥០០ម៉ែត្រនេះ នឹងអាចចាប់គ្រោងដែក ដើម្បីដំណើរការឆ្លងកាត់បានហើយ។ លោកបន្តថា ស្ពាននេះ នឹងជួយសម្រួលការធ្វើ ដំណើរនៅតំបន់នេះ ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់ស្ពានជ្រោយចង្វារខណៈ ដែលស្ពានជ្រោយចង្វារទី១បានបិទធ្វើការជួសជុល។
លោក ទូច សំណាង បន្ថែមទៀតថា ស្ពាននេះមានប្រវែងសរុបចំនួនជាង៥០០ម៉ែត្រ និងចំណាយថវិកាសរុបប្រមាណ៩លានដុល្លារអាមេរិក។ ក្រៅពីស្ពានបេឡេនេះ ក្រុមហ៊ុនកំពុងធ្វើការសិក្សា និងឈានបុកគ្រឹះសាងសង់ស្ពានបេតុងយោងដោយខ្សែកាបនៅក្រោយពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះបន្ថែមទៀត។ ស្ពានបេតុងដ៏ស្រស់ស្អាតនេះ គ្រោងចំណាយថវិកាសាងសង់សរុប ៣៥លានដុល្លារអាមេរិក ដែលត ភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេង ឥន្ធនៈសូគីមិច ឬស្សីកែវ ទៅផ្លូវជាតិលេខ៦អា ត្រង់ ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC៕