ភ្នំពេញ ៖ ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ដែលគ្រោងនឹងសាងសង់ពីភ្នំពេញ ទៅកាន់ខេត្តព្រះ សីហនុ ត្រូវបានសម្រេចឲ្យសាងសង់ជាផ្លូវការហើយ ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងសាធារណៈការកម្ពុជា និងក្រុមហ៊ុនវិនិយោគចិន នៅក្នុងដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមករា កន្លងទៅនេះ។
គម្រោងខាងលើនេះ ត្រូវបានប្រកាសជាផ្លូវការ កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ នាវិមានសន្តិភាព ដោយឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសមភាគីចិន តំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា គម្រោង នេះអាចនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨ នេះ។ ផ្លូវល្បឿនលឿននេះ នឹងត្រូវចំណាយថវិកាប្រមាណ១.៩០០លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលចិន។ ផ្លូវនេះ នឹងកាត់បន្ថយចម្ងាយពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកត្រឹម១៩០គីឡូម៉ែត្រ ដែលត្រូវចំណាយពេលធ្វើដំណើរ ត្រឹមរយៈ ពេល ២ម៉ោងប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ ធ្លាប់បានបញ្ជាក់ថា អ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ មិនត្រឹមតែចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរ ណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាពខ្ពស់ទៀតផង។ ហើយអ្នកធ្វើដំណើរទាំងអស់ កុំបារម្ភមានគោក្របីឆ្លងកាត់ ព្រោះផ្លូវនេះ ត្រូវធ្វើរបងបិទជិតទាំងសងខាង និងមានប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលក្រុមហ៊ុនចិនកំពុងសិក្សា។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគ សាងសង់ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ ០៤គន្លង មានប្រវែងសរុប ១៩០,៦៣ គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់ សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត លើស ពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលចំណេញ ដែលមិនអាចកាត់ថ្លៃបាន ពីការ អភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុផងដែរ៕
ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ភ្នំពេញ ខេត្តព្រះសីហនុ នឹងសាងសង់ក្នុងឆ្នាំនេះ