ភ្នំពេញ ៖ ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅភូមិគ្រឹះ រសៀលថ្ងៃទី១២មករា លោក លាវ លៀនកឺ (Liu Liange) អគ្គនាយក ធនាគារនីហរ័ណ អាហរ័ណចិន (Exim Bank of China) មានប្រសាសន៍ជំរាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា ពីការកោតសរសើរចំពោះកំណើន សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាង ឆាប់រហ័ស របស់ប្រទេសកម្ពុជា ដែលកំពុងតែមានការរីកចម្រើន ពី មួយថ្ងៃទៅមួយថ្ងៃ ក្នុងន័យនេះ គឺជាកត្តាជំរុញលើកទឹកចិត្តដល់ ធនាគារនីហរ័ណអាហរ័ណចិន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលរួមបណ្តាក់វិនិយោគ ក្នុងប្រទេសកម្ពុជា។ លោក លាវ លៀនកឺ មានប្រសាសន៍បន្តថា កន្លងមកធនាគារនីហរ័ណអាហរ័ណចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើ វិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធធារាស្ត្រជាដើម ដោយឡែកនៅពេលនេះ វត្តមានធនាគារ លោក ក្នុងប្រទេសកម្ពុជា គឺដើម្បីសុំអនុសាសន៍ពីសម្តេចតេជោ នៅអ្វីដែលធនាគាររបស់លោក អាចចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា បន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានភាព ល្អបំផុតនៅពេលនេះ ហើយកម្ពុជាមានទស្សនះវិស័យពិតប្រាកដក្នុងការអភិវឌ្ឍ អ្វីដែលធនាគារ នីហរ័ណអាហរ័ណចិន បានជួយនាពេលកន្លងមក គឺសុទ្ធសឹងតែជាគម្រោងអាទិភាព ទាំងអស់ របស់ កម្ពុជា ក្នុងន័យនេះសម្តេច បានគូសបញ្ជាក់ដែរថា កម្ពុជាបានដាក់គម្រោងទៅកាន់ភាគីចិន សម្រាប់ឆ្នាំ២០១៨រួចហើយ ក្នុងនោះគម្រោងអាទិភាពមួយទៀត គឺគម្រោងខ្សែក្រវ៉ាត់ទី២ របស់ រាជធានីភ្នំពេញ។ តាមរយះគម្រោងអាទិភាពនេះ សម្តេចបានស្នើសុំឲ្យធនាគារនីហរ័ណ អាហរ័ណ ចិន ពិនិត្យក្នុងជំរុញគម្រោងជាអាទិភាពនេះឲ្យបានចេញជារូបរាងពិតប្រាកដ។
ដោយឡែក លោក លាវ ឈីថាវ (Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Contruction មានប្រសាសន៍ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះដែរថា រូបលោកធ្លាប់បានមកកាន់ប្រទេសកម្ពុជាកាលពី១០ឆ្នាំមុន ហើយនៅពេលនេះរូបលោក បានទៅ ដំណើរទៅកាន់តំបន់ជាច្រើន ក្នុងប្រទេសកម្ពុជារួមទាំងខេត្តព្រះសីហនុផងដែរ។ លោកប្រធាន មានប្រសាសន៍ជំរាបជូនសម្តេចតេជោដែរថា រូបលោកបានពិនិត្យឃើញពីការរីកចម្រើន ដែលមិន នឹក ស្មានបាន ហើយនៅពលេនេះទៀតសោត កិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ក៏បានចុះហត្ថលេខាហើយរួចដែរ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង មកកាន់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ នៅចំពោះមុខសម្តេចតេជោ លោក លាវ ឈីថាវ មាន ប្រសាសន៍ថា ក្នុងនាមជាភាគីប្រតិបត្តិ ក្រុមហ៊ុនលោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ស្ថាបនា ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុឲ្យបានល្អនិងឲ្យក្លាយជាផ្លូវ គំរូសម្រាប់ ជាឧត្តមប្រយោជន៍ របស់ប្រទេស និងប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នេះជាផ្លូវមួយដែលមានសារះសំខាន់ខ្លាំង ណាស់ សម្រាប់ កម្ពុជា ក្នុងជំរុញកំណើនសេដ្ឋកិច្ច ពិសេសរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ ព្រះសីហនុ ក្នុងន័យនេះសម្តេចបានស្នើឲ្យក្រុមហ៊ុនជំរុញធ្វើយ៉ាងណាស្ថាបនាឲ្យបានចេញជារូបរាងពិតប្រាកដ៕
អគ្គនាយកធនាគារនីហរ័ណ អាហរ័ណចិន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន