តាមការគ្រោងទុក នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសា អាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់ ដែលរៀបចំឡើងនៅមជ្ឈ មណ្ឌលកោះពេជ្រ។
សូមរំឭកថា កាលពីដើមខែ មករា ឆ្នាំ២០១៨ នេះ បានបង្កើតមូលនិធិគាំទ្រកម្មករធាក់ស៊ីក្លូ ទាំងអស់ នៅកម្ពុជា។ ការបង្កើតមូលនិធិនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បាន អនុញ្ញាតឲ្យអ្នកធាក់ស៊ីក្លូទាំងអស់ អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិន គិតថ្លៃ ដើម្បីជាការឆ្លើយតបនឹងទុក្ខលំបាក ក៏ដូចជាការខ្វះខាតក្នុងជីវភាពរបស់ បងប្អូនកម្មករធាក់ ស៊ីក្លូគ្រប់ៗរូប។
មូលនិធិទ្រទ្រង់អាជីពរបស់អ្នកធាក់ស៊ីក្លូនេះ នឹងត្រូវប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១៣ ខែមករា នេះ តែម្តង។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ថវិកាផ្ទាល់ខ្លួនដំណាក់ កាលដំបូងចូលក្នុងមូលនិធិនេះប្រមាណ ១០០លានរៀល ហើយសម្តេចនឹងបន្ថែមប្រមាណ ១០ លានរៀលបន្ថែមទៀត ជារៀងរាល់ខែ។
នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ បានបង្ហាញក្តី សប្បាយរីករាយយ៉ាងចំពោះការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យពួកគាត់ ព្យាបាល ដោយមិនគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ ជាពិសេសការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ ដល់ អាជីពរបស់ពួកគាត់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយទ្រទ្រង់ដល់ អាជីព របស់អ្នកធាក់ស៊ីក្លូនោះទេ តែក៏ជាការរួមចំណែកអភិរក្សស៊ីក្លូ ដែលជាយានបង្ហាញពីអត្ត សញ្ញាណរបស់ខ្មែរបន្សល់ទុកតាំងពីសម័យអាណានិគមន៍បារាំងមកនោះ។ បន្ទឹមនឹងនេះ សម្តេច តេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សម្បុរសជននានា ចូលរួម បរិច្ចាគ ក្នុងមូលនិធិគាំទ្រកម្មករ ធាក់ស៊ីក្លូនេះឱ្យបានច្រើនផងដែរ៕
លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និង មុខរបរក្រៅប្រព័ន្ធបានឲ្យដឹងថាសព្ធថ្ងៃលោកកំពុងគ្រប់គ្រងសមាជិកជាអ្នកធាក់ស៊ីក្លូប្រមាណ១២០នាក់ ។
បើតាមលោក អ៊ឹម សម្បត្តិ នៅក្នុងរាជធានីភ្នំពេញបច្ចប្បន្នមានចំនួនស៊ីក្លូសរុបប្រមាណ ៤០០គ្រឿង ។ ប៉ុន្តែមានអ្នកប្រកបអាជីពជាអ្នកធាក់ស៊ីក្លូនេះមានប្រមាណជាង ២០០ នាក់ប៉ុណ្ណោះ។
សព្វថ្ងៃស៊ីក្លូបានក្លាយជាផលិតផលទេសចរណ៍ មួយដែរសម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេស។គេតែងសង្កេតឃើញភ្ញៀវទេសចរបរទេសភាគច្រើនពេលមកដល់ភ្នំពេញពួកគេបានជិះស៊ីក្លូ ទស្សនាក្រុងភ្នំពេញដោយសប្យាយរីករាយ ៕
នាយករដ្ឋមន្ត្រី ជួបពិសាអាហារជាមួយកម្មករស៊ីក្លូជាង ៣០០នាក់ នៅកោះពេជ្រ