ខេត្តក្រចេះ ៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿង ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ជ័យ មានផ្ទុកឈើអារលេខ១ រាប់រយកំណាត់បានក្រឡាប់ធ្លាយចេញឈើរាយប៉ាយពេញផ្លូវ កាលពីយប់ទៀបភ្លឺថ្ងៃទី១៣ខែមករា នៅក្បែរព្រំដែនវៀតណាម នៅក្នុងភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមិនមានរំខានដល់សមត្ថកិច្ចនោះទេ ។
ជាមួយនឹងហេតុការក្រឡាប់រថយន្តយីឌុបខ្នាតយក្សដឹកឈើ របស់លោកឧកញ៉ាជ័យ នេះ គឺមិនបង្កឱ្យអ្នកបើកបរ ក៏ដូចជាព្រូរថយន្ត រងរបួសនោះទេ ហើយករណីក្រឡាប់រថយន្តដឹកឈើ នេះ ត្រូវបានគេសន្និដ្ឋានថាគឺបណ្តាលមកពីផ្ទុកលើសចំណុះ។
ក្រោយពីជួបហេតុការក្រឡាប់ភ្លាមៗត្រូវបានក្រុមកម្មករជាច្រើននាក់បាននាំគ្នាលើកស្ទូចឈើផ្ទេរកំណាត់ឈើជាច្រើនរយកំណាត់ពីរថយន្តយីឌុបមួយគ្រឿងនោះ ទៅដាក់រថយន្តមួយផ្សេងទៀត យ៉ាងប្រញ៉ាប់ប្រញាល់បានបញ្ចប់រួចរាល់ និងក៏បានបន្តដឹកនាំចូលទៅកាន់ប្រទេសវៀតណាម តាម ច្រកព្រំដែនអន្តរជាតិត្រពាំងស្រែបានដោយសុវត្ថិភាព ។
សេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដឹកឈើដែលកំពុងតែសម្រុកការដឹកជញ្ចូនឈើពេញ ៗទ្រុង និងឃ្លុមបេឈើបិទជិត គឺគេដឹងថា បានដឹកចេញពីទឹកដីនៃខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ ៧ ឆ្ពោះចូលទៅប្រទេសវៀតណាម ហើយការដឹកជញ្ជូននោះគឺគេសង្ស័យថា គ្មានច្បាប់ ទម្លាប់ត្រឹមត្រូវ សំរាប់នាំចេញទៅក្រៅប្រទេសនោះទេ ។
ជាមួយនឹងការដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀតណាម ពីសំណាក់លោកឧញ៉ាជ័យ ត្រូវ បានសមត្ថកិច្ចនៅក្នុងស្រុកស្នួលនិយាយថា ការដឹកជញ្ជូនឈើនេះគឺធ្វើឡើងទាំងយប់ថ្ងៃមាន ពេល ខ្លះរថយន្តនោះខូច ឬក្រឡាប់ចេញឈើរាយប៉ាយ នៅលើដងផ្លូវយ៉ាងណាក៏ដោយ ក៏មិនរំខានដល់ ការដឹកជញ្ជូនឈើ របស់លោកឧកញ៉ារូបនេះដែរ ។
ជុំវិញសកម្មភាពដឹកជញ្ជូនឈើរបស់លោកឧកញ៉ា ជ័យ ដែលគេសង្ស័យថា បានប្រើរូបភាពកន្ទេលធំបន្លំដេកនេះ មិនអាចរកប្រភពទាក់ទង សុំការបំភ្លឺបានលោកឧកញ៉ាបាននៅឡើយទេ ។ដោយឡែកមន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្នួល បានឱ្យដឹងថា ឡានដែលក្រឡាប់នៅក្បែរព្រំដែនវៀតណាមនេះ ជាឡានរបស់លោកឧកញ៉ាជ័យ និងមានច្បាប់ទម្លាប់ត្រឹមត្រូវសំរាប់នាំចេញទៅ ក្រៅប្រទេស ៕