រតនះគីរី ៖ មន្ត្រីប៉េអឹមមួយរូបឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ កំពុងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងក្នុងខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម ប៉ុន្តែសមត្ថកិច្ចជាច្រើនផ្នែកក្នុងខេត្តនេះ ត្រូវបានគេចោទប្រកាន់ថា បានទទួលសំណូក ហើយបើកដៃឱ្យ ណាក់ក្បាលធំ ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ។
ប្រភពព័ត៌មានពីសកម្មជនព្រៃឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានរថយន្ត សាំយ៉ុងជា ច្រើនគ្រឿង ត្រូវបានគេប្រើប្រាស់ ដើម្បីដឹកឈើចេញពី ឃ្លាំងស្តុកឈើដ៏ធំមួយ នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាន សៀកក្រុង បានលុងដែលជាឃ្លាំងរបស់មេឈ្មួញម្នាក់ដែលមានរហស្សនាមថា ណាក់ក្បាលធំ។
ប្រភពដដែល បានឲ្យដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ បានដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ស្ទើររាល់យប់ថ្ងៃ ចេញពីតំបន់ព្រៃ សហគមន៍ស្រុកកូនមុំ ស្រុកវ៉ើនសៃ យកមកស្តុកទុកក្នុងឃ្លាំង នៅសង្កាត់ ឡាបានសៀក ក្រុងបានលុង ហើយបន្តដឹក ជញ្ជូនចេញទៅ លក់ឱ្យឈ្មួញវៀតណាម យ៉ាងរលូន គ្មានសមត្ថកិច្ចណាបង្ក្រានោះឡើយ។
ប្រភពក៏បានឲ្យដឹងថា មានឈ្មួញវៀតណាមសហការជាមួយ ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ រត់ការបង់លុយឲ្យសមត្ថកិច្ចសំខាន់ និងសមត្ថកិច្ចនៅតាមដងផ្លូវជាច្រើនស្ថាប័ន ហេតុនេះហើយ ទើបមេឈ្មួញរូបនេះ អាចធ្វើសកម្ម ភាពដឹកជញ្ជូន ឈើយ៉ាងស្រួល។
ប្រភពស្និទនឹងឈ្មួញឈើម្នាក់ បានបង្ហើបឱ្យដឹងថា មួយរយៈពេល កន្លងទៅនេះ ឈ្មួញឈើ ឈ្មោះណាប់វណ្ណៈ ហៅណាក់ក្បាលធំ បានបង្កើនសកម្មភាព ដឹកជញ្ជូនឈើចេញ ទៅវៀតណាមដោយ គ្មានញញើត អ្វីទាំងអស់ ព្រោះ គ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ឡើយ។
ប្រភពបានឲ្យ ដឹងទៀតថា ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ដែលគេដឹងថា មានតួនាទីជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និងជាកូនចៅជំនិតរបស់លោក គឹម រស្មី មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី ផងនោះ ទើបគេហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្ត។
ប្រភពបន្តថា ឈើដែល ណាក់ក្បាលធំ ប្រមូលដឹតចេញភាគច្រើន ចេញពីស្រុកអូរជុំ ស្រុកកូនមុំ ស្រុកវ៉ើនសៃ ខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលតំបន់ទាំងនោះកំពុងប្រឈមនឹងការបំផ្លាញ យ៉ាងមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
ឈ្មួញមួយចំនួននៅក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់ក្បាលធំ មានខ្នងបង្អែក យ៉ាងរឹងមាំ ហើយអាចរកស៊ី ដឹកជញ្ជូនឈើ ខ្លាំងក្លាជាងគេ ក្នុងចំណោម ឈ្មួញធំៗជាច្រើននាក់ ទៀតនៅក្នុងខេត្តរតនគិរី ដែលមាន មេការឈ្មោះ សាល និង ឈ្មោះ ធា ជាអ្នករត់ការមើលផ្លូវ ផងដែរ ។ ពេលខ្លះឈ្មោះ ណាក់ក្បាលធំ បានប្រមូលទិញ ឈើពីឈ្មួញដែល ដឹកតាមរ ថយន្ត សាំយ៉ុងពី ស្រុកសៀម ប៉ាង យកមកលក់នៅចំណុច ទន្លេស្រែពក ស្រុកកូនមុំ ដោយឈ្មួញតូចៗខ្លះដឹកជញ្ជូនឈើតាមផ្លូវទឹក យកមកគរទុកនៅ ចំណុចកំពង់ចម្លងស៊ីនឿនចាស់ ហើយមានរថយន្ត យីឌុបធំៗទៅប្រមូល ដឹកជញ្ជូនបន្ត។
ប្រភពបានឲ្យ ដឹងទៀតថាឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ នេះមានលាក់ទុកឈើ នៅចំណុចភូមិ កាឡាន់ញ៉ៃ ឃុំប៉ុង ស្រុកវ៉ើនសៃ និងដឹកចេញពីតំបន់ អភិរក្សស្រុក លំផាត់ ចេញតាមផ្លូវ លំក្រាលក្រួសក្រហម ចូលទៅផ្លូវជាតិ លេខ៨ ហើយចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវ យ៉ាងរំភើយ។
លោក ណាប់ វណ្ណៈ រួមនិងមន្ត្រីពាក់ព័ន្ធនឹងករណីខាងលើ អ្នកយកព័ត៌មានមិនទាន់អាចសុំការពន្យល់ ដើម្បីឆ្លើយតបនឹងការរិះគន់ដូចខាងលើនេះ បាននៅឡើយទេ៕