ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ចំដៃ និងពោះ ដោយសារតែបុរសជាប្តីរបស់ខ្លួន រៀបចំកែច្នៃកាំភ្លើងឆ្នុកខុសបច្ចេកទេស បណ្តាលឲ្យភ្លាត់ស្នៀតបាញ់ត្រួវស្ត្រីជាប្រពន្ធតែម្តង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ មាស គែម អាយុ ៥២ឆ្នាំ មុខរបរកសិករ រងរបួសចំដៃនិងពោះធ្ងន់ ចំណែកបុរសបង្កជាប្តីឈ្មោះ ខឿង ព្រិច ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ ទាំងពីរនាក់រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានកាំភ្លើងកែច្នៃនៅនិងកន្លែង ។
លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការក្រុងប៉ៃលិន មានប្រសាសន៍ឲ្យភ្នាក់ងារយើងដឹងថា៖ មុនពេលកើតហេតុគឺបុរសជាប្តី បានយកកាំភ្លើងចាស់មកកែច្នៃ ដោយមានស្ត្រីរងគ្រោះជាប្រពន្ធ អង្គុយពីមុខចំមើល ពេលនោះស្រាប់តែបុរសជាប្តីក៍រៀបចំច្នៃកាំភ្លើងតែម្តង ។ លោកវរសេនីយ៍ត្រី អធិការនគរបាលក្រុងប៉ៃលិន មានប្រសាសន៍បន្តថា នៅពេលចាប់ផ្តើមច្នៃកាំភ្លើង ក៍បានភ្លាត់ស្នៀតលឺសូរផះ ត្រួវចំស្ត្រីរងគ្រោះជាប្រពន្ធ ដែលអង្គុយពីមុខពេញទំហឹង បណ្តាលឲ្យចំដៃនិងផ្ទៃពោះធ្ងន់ធ្ងរ តែម្តង ។ ក្រោយកើតហេតុស្ត្រីរងគ្រោះជាប្រពន្ធ ត្រួវបានបងប្អួនសាច់ញាតិ ដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ចំណែកជនបង្កជាប្តី ត្រួវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការឃាត់ខ្លួន ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធី ។
គួររំលឹកដែរថា ករណីកែច្នៃកាំភ្លើង នៅខេត្តប៉ៃលិន ប្រហែលជាមានច្រើន ព្រោះកន្លងទៅមានគ្រោះថ្នាក់ផ្សេងៗ ដូចជាការធ្វើអត្តឃាតនៅភ្នំស្រង់ ក្នុងស្រុកសាលាក្រៅ ,ការធ្វើអត្តឃាតនៅសង្កាត់អូរតាវ៉ៅនាពេលថ្មីជាដើម ហើយជាការសំណូមរបស់ប្រជាពលរដ្ឋ គឺសូមឲ្យសមត្ថកិច្ចតាមប៉ុស្ត៍និមួយៗ មេត្តាចុះស្រាវជ្រាវនូវបញ្ហាខាងលើផង ពិសេសក្តាប់ឲ្យបាននូវការគ្រប់គ្រង់អាវុធកែច្នៃនេះផងដែរ ៕
កែច្នៃកាំភ្លើងឆ្នុក រាលកៃផ្ទុះចំដៃប្រពន្ធខ្លួនឯងនៅសង្កាត់បរយ៉ាខាខេត្តប៉ៃលិន