ភ្នំពេញ ៖ នៅឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ចូន បានបង្ហាញគម្រោងសាងសង់ផ្លូវ និងស្ពានជាច្រើនកន្លែង នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល។
ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៨ នៅថ្ងៃទី១៥៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានអោយដឹងថាទិសដៅអនុវត្តបន្ត របស់ក្រសួងសាធារណការ នៅឆ្នាំ២០១៨នេះ មានគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត ។ គម្រោងសាងសង់ស្ពានមាន ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) និងគម្រោងសាងសង់ផ្លូវជាតិលេខ១១ កំណាត់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ទន្ទឹមគ្នានោះ ក្រសួងក៏មានគម្រោងដាក់សម្ពោធ ឲ្យប្រើប្រាស់ផ្លូវមួយចំនួន មាន៖ កំណាត់ផ្លូវជាតិលេខ១ កំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ៦ ផ្លូវខេត្តលេខ១៥៧៧ ផ្លូវជាតិលេខ៥៥ និងគម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ២១។
គម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការ ជាមួយធនាគារពិភពលោក (WB) រួមមាន ៖ គម្រោងថែទាំ និងជុសជុលផ្លូវ ជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ។
គម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការ ជាមួយ ធនាគារអភិវឌ្ឈន៍អាស៊ី(ADB) រួមមាន៖ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុងរបៀងខាងត្បូង (ប៉ោយប៉ែត បាត់ដំបង បាវិត និងទីប្រជុំជនអ្នកលឿង) គម្រោងអភិវឌ្ឍន៍ក្រុងរបៀងទី២ ដោយផ្តោតលើការអភិវឌ្ឍតំបន់ឆ្នេរ មាន៖ ក្រុងកំពត ក្រុងព្រះសីហនុ និងកែលំអបរិសា្ថន ជុំវិញបឹងទន្លេសាប មានក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់។
សម្រាប់គម្រោងអភិវឌ្ឍន៍ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការ ជាមួយប្រទេសថៃ រួមមាន៖ សាងសង់អាគារច្រកទ្វារព្រំដែន អន្តរជាតិ និងផ្លូវតភ្ជាប់ (អាគារប៉ុស្តិ៍ព្រំដែន មកភ្ជាប់និងផ្លូវជាតិលេខ៥)។ក្រសួងនឹងបន្តជម្រុញស្តារសាងសង់ និងជុសជុលថ្នល់ ឲ្យមានគុណភាពខ្ពស់ និងការទទួលខុសត្រូវ ជូនប្រជាពលរដ្ឋ ។
រដ្ឋមន្ត្រីក្រសួងសារធាណការ និងដឹក ជញ្ជូន ក៏បានឲ្យដឹងថា ក្នុងរយៈពេលឆ្នាំ២០១៧ ក្រសួងបានធ្វើការត្រួតពិនិត្យ យានយន្តកែច្នៃ ខុសលក្ខខណៈបច្ចេកទេស បានចំនួនជាង២ម៉ឺនគ្រឿង ក្នុងនោះកាត់ទ្រុង បានចំនួន១២១៥គ្រឿង ។
ដោយឡែកការងារដឹកជញ្ជូនតាមផ្លូវដែកឯណោះវិញ ក្រសួងបាននិងកំពុងសាងសង់ផ្លូវដែកតភ្ជាប់តចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្តស្តារផ្លូវដែកពីពោធិ៍សាត់ បាត់ដំបង ប៉ោយប៉ែត ប្រវែង២១៩គម ជាពិសេសទៅទៀតនោះក្រសួងក៏កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងស្វ័យប្រវត្តិលើអាកាស(អេជីធី)នៅរាជធានីភ្នំពេញផងដែរ៕