ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា សេដ្ឋកិច្ចកម្ពុជាមានជំហររឹងមាំ ដោយ មិនមាននរណាម្នាក់អាចធ្វើព្យុះ ធ្វើភ្លៀងបាននោះទេ។ នោះដោយសារតែកម្ពុជា បាន ធ្វើសមាហរណកម្មយ៉ាងមាំនៅក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ និងអន្តរជាតិ ពិសេសអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ កាលពីពញរឹកថ្ងៃទី១៧ មករា ឆ្នាំ២០១៨។ នាឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយមិនមែន អ្នកណាចេះតែអាចមកធ្វើព្យុះភ្លៀងបាននោះទេ។ សម្តេចបានពន្យល់ថា ដោយសារកម្ពុជាកំពុងអនុវត្តនូវបន្ទាត់នយោបាយការបទេសដ៍ច្បាស់លាស់ មួយជាមួយតំបន់ អនុតំបន់ និងអន្តរជាតិ ក្នុងការធ្វើសមាហរណកម្មកាន់តែខ្លាំងក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីជាមួយប្រទេសនឹងប្រទេស និងជាមួយអង្គការអន្តរជាតិ តួរយ៉ាងដូចជាអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ សម្តេចបានបង្ហាញនូវមោទភាពចំពោះនយោបាយការទេសរបស់កម្ពុជា តាមរយៈការរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនក្នុងកំរិតតំបន់ និងអន្តរជាតិនៅពេលថ្មីៗដូចជា កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី២ និងការទទួលបានដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃមហាយក្សចិន ឯ.ឧ លី ខឹឈាងដែលតំណាងដោយប្រជាជនជាង១៣០០លាននាក់។
នៅសប្តាហ៍ក្រោយនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលវិនិយោគិនសកល ដែលនឹងប្រារព្ធឡើងនាថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ ក្នុងរដ្ឋអាសាន់ ប្រទេសឥណ្ឌា។ តាមការគ្រោងទុកសម្តេចតេជោក៍នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនោះ។ សម្តេចតេជោ ចាត់ទុកថាដំណើរទស្សនកិច្ចនេះ សបញ្ជាក់ឲ្យឃើញពីសមាហរណកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់ខ្លាំងក្លាថែមទៀត។
តាមរយៈដំណើរទស្សនកិច្ចនោះ កម្ពុជា និងឥណ្ឌា នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នានាពេលខាងមុខ ដោយគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាផងដែរ៕