សមត្ថកិច្ច​ចុះ​បិទ​គ្លី​នី​ក​អត់​ច្បាប់​២​កន្លែង​នៅ​ក្រុង​បាវិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ស្វាយរៀង ៖ លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វន វិ​ណា​រ៉ា អនុប្រធាន​មន្ទីរ​សុខាភិបាល សហការ​ជាមួយនឹង​អនុ​គណៈកម្មាការ លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក អ៊ុង សា អភិបាលរងក្រុង​បាវិត ដោយមាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា នគរបាល និង​កងរាជអាវុធហត្ថ បាន​ចុះ​បិទ​គ្លីនិក​ចិន​គ្មាន​ច្បាប់​មួយកន្លែង យីហោ​ឈ្មោះ «​ថ្នាំ​ប្រទេស​ចិន​» នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត និង​ដកហូត​អាជ្ញាប័ណ្ណ​បន្ទប់​ថែទាំ​ជំងឺ មួយកន្លែង​ទៀត ឈ្មោះ «​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ សន្តិភាព​ថ្មី​» នៅ​សង្កាត់​បាវិត ក្រុង​បាវិត​។​

​ការចុះ​បិទ​ទីតាំង​លក់​ឱសថ​ក្លែងក្លាយ និង​បន្ទប់​ពិគ្រោះ​ជំងឺ​ទាំងពីរ​ខាងលើនេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨​។​

​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ សន្តិភាព​ថ្មី​នេះ អាជ្ញាប័ណ្ណ​ផ្តល់ជូន​ត្រឹមតែ​បន្ទប់​ថែទាំ​ទេ ប៉ុន្តែ​ម្ចាស់​បាន​លើក​ស្លាក​ជា​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ និង​ផ្តល់​សេវា​ជា​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ ដែល​ផ្ទុយទៅនឹង​ក្រឹត្យក្រម​សុខាភិបាល​។​

​អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា ក្រោម​ការណែនាំ​របស់​គ​ណ​:​ក​ម្មា​ធិ​ការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់​ការជួញដូរ​ឱសថ​ក្លែងក្លាយ និង​គ្មាន​ច្បាប់​អនុញ្ញាត លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខេត្តស្វាយរៀង បានធ្វើ​សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ ចំពោះ​សេវា​សុខាភិបាល​ឯកជន ធ្វើយ៉ាងណា​ការពារ​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​៕