ក្រុម​រដ្ឋមន្ត្រី20ប្រទេសពិចារណា​បន្ថែម​ទណ្ឌកម្ម​ពហុភាគី​ទៅលើ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​កូរ៉េ ៖ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង 20 របស់​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​ទីក្រុង Vancouver ប្រទេស កាណាដា ថា​នឹង​ពិចារណា​ដាក់ទណ្ឌកម្ម​ពហុភាគី ចំពោះ​ប្រទេស កូរ៉េខាងជើង បន្ថែម​ទៅលើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ។

​សេចក្ដីថ្លែងការណ៍​រួមគ្នា​បញ្ជាក់ថា អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ នឹង​ពិចារណា​វិធានការ​ជាច្រើន​ចំពោះ​មហិច្ឆតា​អ​វុ​ធ​នុយក្លេអ៊ែរ កូរ៉េខាងជើង ក្នុងនោះ​មាន ទណ្ឌកម្ម​ពហុភាគី និង​កិច្ចការ​ការទូត បន្ថែម​ទៅលើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។ ទោះយ៉ាងណា កិច្ចប្រជុំ គាំទ្រ​ទៅលើ​ការសន្ទនា​រវាង​មន្ត្រី​កូរ៉េ​ទាំងពីរ ដែល​នាំទៅរក​ការបន្ធូរបន្ថយ​ភាព​តាម​តឹង ។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី 20 ប្រទេស ក្នុង​ទីក្រុង Vancouver ប្រទេស កាណាដា ជា​កិច្ចប្រជុំ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក ដែល​ធ្លាប់​គាំទ្រ កូរ៉េខាងត្បូង អំឡុង​សម័យ​សង្គ្រាម​កូរ៉េ ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​កូរ៉េ​ទាំងពីរ ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​ការបញ្ជូន​ប្រតិភូ កូរ៉េខាងជើង ទៅ​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​ឆ្នាំ 2018 ក្នុង​ទីក្រុង ព្យេ​អុង​ចាង ប្រទេស កូរ៉េខាងត្បូង ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 9 ដល់​ថ្ងៃទី 25 ខែ កុម្ភៈ ។ ប្រទេស កូរ៉េខាងជើង ទើបតែ​ឆ្លើយតប​ចំពោះ​ការបញ្ជូន​អត្ត​ព​លិ​ក នៅ​ដើមខែ មករា ឆ្នាំ 2018 នេះ ប៉ុណ្ណោះ ៕