ក្រសួងពាណិជ្ជកម្ម​ស្វះ​ស្វែងរក​ទីផ្សារ​នាំចេញ​ដំឡូង​មី​បន្ថែម​ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ក្រសួង​កំពុង​ចរចារ ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជម្រុញ​និង​អភិវឌ្ឍ​ឧ​ស្សហកម្ម​ដំឡូង​មី​របស់​កម្ពុជា ។​

​នៅក្នុង​ឱកាស​ចុះ​សិក្សា និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ចំពោះ​សហគ្រាស​ផលិត​ម្សៅដំឡូង​មី ក្នុងភូមិ​កៀន​រ៉ូង សង្កាត់​វិហារ​ហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រសួង​កំពុង​ខិតខំ​ប្រឹងប្រែង ក្នុងការ​ជំរុញ​និង​អភិវឌ្ឍ​ឧ​ស្សហកម្ម​ដំឡូង​មី តាមរយៈ​មធ្យោបាយ​ជាច្រើន ដូចជា ការចរចា​ស្វែងរក​ទីផ្សារ​ថ្មីៗ​, ការ​ចងក្រង​គោលនយោបាយ​ដំឡូង​មី​, ការរៀបចំ​ទិវា​ដំឡូង​មី​ប្រចាំឆ្នាំ និង​ការអនុវត្ត​គម្រោង​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម ការនាំចេញ របស់​កម្ពុជា​ដំណាក់កាល​ទី​២ ព្រមទាំង​គម្រោង​ជំរុញ​ទីផ្សារ​ខ្នាតតូច ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​

ប្រជាកសិករ​ដាំដំឡូង​មី​ជាដើម​។ នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានធ្វើការ​ពិនិត្យ​មើល​ដំឡូង​មី​ស្រស់ ដែល​សហគ្រាស​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ ប្រមូល​ទិញ​ពី​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន និង​តាម​បណ្តា​ខេត្ត​នានា ព្រមទាំង​ទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​ម្សៅដំឡូង​មី​ផងដែរ​។ បន្ទាប់ពី​ស្វែងយល់​កាន់តែច្បាស់​អំពី​ចង្វាក់​ផលិតកម្ម​ម្សៅដំឡូង​មី និង​បញ្ហា​ប្រឈម​នានា ដែល​រាំងស្ទះ​ដល់​ការនាំចេញ​ម្សៅដំឡូង​មី​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហើយ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់ លោក សុង ហេង ដែលជា​ម្ចាស់​សហគ្រាស​សញ្ញា​ហង្ស​ពីរ សូមអោយ​បន្ត​ពង្រឹង​ចង្វាក់ ផលិតកម្ម​របស់ខ្លួន​បន្ថែមទៀត ហើយ​ក្រសួង​នឹងចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម​ដែល​សហគ្រាស​កំពុង​ជួបប្រទះ ។

គួរ​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨ នៅលើ​ពិភពលោក និង​លំដាប់​ទី​៤ នៅក្នុង​តំបន់ ។ ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា បាន​កើនឡើង​ពី ២២​ម៉ឺន​តោន ក្នុង​ឆ្នាំ ២០១២ ដល់​ជាង ៣​លាន​៦​សែន​តោន ក្នុង​ឆ្នាំ​២០១៦ ។ ការនាំចេញ​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា ត្រូវបាន​បែង​ចែកចេញជា ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី និង​កាកសំណល់​ដំឡូង​មី​។ ទីផ្សារ​ធំ​ដែល​នាំចូល​ផលិតផល​ដំឡូង​មី​របស់​កម្ពុជា មានដូចជា ប្រទេស​ថៃ វៀតណាម និង​ចិន​៕