ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីចំនួនពីរ នាដើមឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងបំពេញការងារក្នុងវិស្ថាប័នរដ្ឋ និងស័យឯកជន ក្នុងនោះរួមមាន ការដំឡើងប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ សម្រាប់មន្ត្រីរាជការ។ ការកំណត់ដំឡើងប្រាក់បៀវតអប្បរមា ដែលលើសពី១លាន២សែនរៀលទើបជាប់កាតព្វកិច្ចបង់ពន្ធ ។
ដូចទៅនឹងការប្រកាសនាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សចំនួនពីរលើក ចាប់ពីដើមឆ្នាំ២០១៨ តទៅ សម្រាប់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន នគរបាលជាតិ និងយោធិន។ លើកទី១ ត្រូវធ្វើឡើងនៅអំឡុងខែមករា និងលើកទី២ នៅអំឡុងខែមេសា មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ការដំឡើងប្រាក់បៀវត្ស នៅក្នុងឆ្នាំ២០១៨នេះ គឺត្រូវបានដំឡើង ក្នុងអត្រាកំណើនជាង១០% នៃមូលដ្ឋានប្រាក់បៀវត្សឆ្នាំចាស់ និងជាការដំឡើងប្រាក់ បំណាច់មុខងារ។
យោងតាមតារាងប្រាក់បៀវត្ស ទាបបំផុត សម្រាប់ឆ្នាំ២០១៨នេះ ត្រូវបានបែងចែក ដូចជា ៖ ១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែល មុនខែមករា ឆ្នាំ២០១៨ មានចំនួន៨៥ម៉ឺន៣,៥០០រៀល ត្រូវតម្លើងដល់៩១ម៉ឺន៤.៤៥០រៀលក្នុងដំណាក់កាលទី១ និងឡើងដល់ ១លាន១៤,៤៥០រៀល ក្នុងដំណាក់កាលទី២។ ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលមុនខែមករា ឆ្នាំ២០១៨ មានចំនួន៩៥ម៉ឺន៣.៥០០រៀល ត្រូវតម្លើងដល់ ១លាន១ម៉ឺន៤,៤៥០រៀល ក្នុងដំណាក់កាលទី១ និងកើនឡើងដល់ ១លាន១សែន១ម៉ឺន៤.៤៥០រៀល ក្នុងដំណាក់កាលទី២ ។ ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលមុនខែមករា ឆ្នាំ២០១៨ មានចំនួន៩៥ម៉ឺន៣,.៥០០រៀល ត្រូវតម្លើងដល់ ១លាន១ម៉ឺន៤.៤៥០រៀល ក្នុងដំណាក់កាលទី១ និងកើនដល់ ១លាន១សែន១៤.៤៥០រៀល ក្នុងដំណាក់កាលទី២ ។ ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលមុនខែមករា ឆ្នាំ២០១៨ មានចំនួន៩៣ម៉ឺន៧.៩៧៨រៀល ត្រូវតម្លើងដល់ ៩៩ម៉ឺន៨៩២៨រៀលក្នុងដំណាក់កាលទី១ និងកើនដល់១លាន៩ម៉ឺន៨.៩២៨រៀល ក្នុងដំណាក់កាលទី២។ ៥៖ ប្រាក់បៀវត្សយោធិន (កងទ័ព) ថ្នាក់ទាបបំផុត ដែលមុនខែមករា ឆ្នាំ២០១៨ មានចំនួន៨៨ម៉ឺន៩៧៨រៀល ត្រូវតម្លើងដល់ ៩៣ម៉ឺន៥.០២៨រៀល ក្នុងដំណាក់កាលទី១ និងកើនដល់១លាន៣ម៉ឺន៥០២៨រៀល ។ បើតាមការបញ្ជាក់របស់ក្រសួងមុខងារសាធារណៈ បានបង្ហាញថា សម្រាប់ការដំឡើងប្រាក់ប្រៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។
ដោយឡែកចាប់ពីខែមករាឆ្នាំ២០១៨ តទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីមួយទៀត គឺ ការបង់ពន្ធលើប្រាក់បៀវត្ស របស់មន្ត្រី បុគ្គលិក កម្មករ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនទូទៅផងដែរ ។
យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការការ អនុវត្តអាត្រាពន្ធលើប្រាក់បៀវត្សថ្មី បានបង្ហាញថា ចំនួនប្រាក់បៀវត្សចាប់ពី០រៀល ទៅដល់១លាន២សែនរៀល មិនត្រូវបានជាប់ពន្ធនោះទេ។
ចំណែក បៀវត្សចាប់ ១លាន២សែន១រៀល ដល់ ២លានរៀល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ៥ភាគរយ ។ បៀវត្សចាប់ពី ២លាន១រៀល ដល់៨លាន៥សែនរៀល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ១០ភាគរយ។ បៀវត្សចាប់ពី ៨លាន៥សែន១រៀល ដល់ ១២លាន៥សែនរៀល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ១៥ភាគរយ។ និងបៀវត្ស លើសពី១២លាន៥សែនរៀល ត្រូវជាប់កាតព្វបង់ពន្ធ២០ភាគរយ៕