ភ្នំពេញ ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង បានសម្រេចចោទប្រកាន់ និងដាក់ព្រះតេជគុណប៊ុត ប៊ុនតិញ លោក មឿន តុលា និងលោក ប៉ា ងួនទៀង ដែលជាសមាជិកគណៈកម្មការ បុណ្យសពលោក កែម ឡី ឲ្យស្ថិត នៅក្រោមការ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬបញ្ចប់បទល្មើសកុំឲ្យកើតមានឡើងជា ថ្មី ។
ការដាក់ក្រោមការឃុំខ្លួនបណ្តោះអាសន្ននេះ បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធាន គណ បក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយអះអាងថា គណៈកម្ម ការ បុណ្យសពលោក កែម ឡី បានធ្វើឲ្យបាត់លុយបច្ច័យបុណ្យ ហើយមិនឃើញប្រគល់ ថវិកាដែលប្រមូលបានពីសប្បុរសជននានា ជូនក្រុមគ្រួសារសព លោក កែម ឡី នោះទេ។
យោងតាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួររបស់ លោក គុជ គីមឡុង នៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៨ ចេញផ្សាយនៅថ្ងៃ១៨ ខែមករា នេះ បានឲ្យដឹងថា “បទល្មើសនេះ គឺរំលោភលលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមបទបញ្ញត្តិមាត្រា ៣៩១, ៣៩២ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ដាក់ឲ្យ ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន លើឈ្មោះខាងលើ ដើម្បីបង្ការ ឬបញ្ចប់បទ ល្មើស កុំឲ្យកើតមានឡើងជាថ្មី និងធានារក្សាជនត្រូវចោទ ទុកឲ្យតុលាការ ចាត់ការតាម នីតិវិធី” ។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧លោក ពេជ្រ ស្រស់ បានសម្រេចប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដោយស្នើឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេតស្វែងរកការពិតលើគណៈកម្មការចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី។
ការប្តឹងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីម្តាយ និងប្អូនប្រុសសពលោក កែម ឡី បានលើកឡើងពីការបាត់បង់ថវិកា និងមិនទទួលបានថវិកាពីពិធីបុណ្យសពដែល មានប្រជាពលរដ្ឋបានចូលបុណ្យយ៉ាងច្រើននោះ។
សូមបញ្ជាក់ថា លោក កែម ឡីត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ ក្នុងហាងលក់ទំនិញរបស់ស្ថានីយ៍ប្រេងមួយកន្លែង នៅជិតស្តុបបូកគោ ខណ្ឌចំការ មន៕