ភ្នំពេញ ៖ មេធាវី អ៊ិត ពិសិដ្ឋរង្សី ដែលបាញ់គេរបួសឥឡូវនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ថា មេធាវី អ៊ិត ពិសិដ្ឋរង្សី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបដិសេធការសុំនៅក្រៅឃុំបណ្តោះអាសន្ន រួចបានប្តឹងបន្តទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយត្រូវសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោះលែងឱ្យនៅក្រៅតែម្ដង។
ដោយឡែកមន្ត្រីពន្ធនាគារប៉េហ្ស៊ី ឱ្យដឹងថា ពេលនេះមេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី នៅក្នុងឃុំដដែល ដោយពុំទាន់ទទួលបានដីកាសម្រេចពីខាងសាលាឧទ្ធរណ៍ដូចការលើកឡើងនោះទេ ។
សូមជម្រាបថា លោក អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ បង្គាប់ឱ្យយកទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃ ស ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា។
គួររំឭកថា តាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានចេញពីហូបការរួចជិះរថយន្តរបស់ខ្លួនម៉ាកLexus470ពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-8254តែម្នាក់ឯងមកផឹកបន្តជាមួយមិត្តភក្តិនៅចំណុចកើតហេតុផ្លូវលេខ២១១ កែងផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែពួកគេមានជម្លោះជាមួយគ្នា ហើយជនសង្ស័យបានទៅយកកាំភ្លើងនៅក្នុងរថយន្តមកបាញ់ជនរងគ្រោឈ្មោះ លី តុលា អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសជើង និងបាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មក ជនសង្ស័យក៏បានយកកាំភ្លើងទៅភ្ជង់ក្បាលជនរងគ្រោះម្នាក់ឈ្មោះ ខុន បញ្ចាសិទ្ធិ អាយុ២០ឆ្នាំ នាំឲ្យភ័យឡើងព្រលឹងចុងសក់។
ដោយឡែកតាមព័ត៌មានដែលភ្នាក់ងារព័ត៌មានបានទទួលនៅកន្លែងកើតហេតុនាពេលនោះ បានឲ្យដឹងថា ដំបូងឡើងលោកមេធាវីបង្កនិងជនរងគ្រោះទាំង២នាក់ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នា នៅយប់កើតហេតុ។ តែពេលហូបការរួចជនបង្កចេញមកមុនហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្តនៅហាងទាខ្វៃ នៅជិតផ្ទះអគ្គស្នងការនគរបាលជាតិស្ថិតនៅតាមផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានទំនាស់ក៏បាញ់តែម្តង។ ក្រោយបាញ់ជនរងគ្រោះហើយ ស្រាប់តែលោកមេធាវី បានប្រើពាក្យសំដីថា «ហ្អែង កុំចេះប្រយ័ត្នអញបាញ់ងាប់»៕