កណ្តាល ៖ ថៅកែរណ្តៅដីឈ្មោះ រឿង សំអាង ហៅពៅ ទំនងគេចមិនផុតពីសំណាញ់ច្បាប់ទេ បើទោះបីមន្ត្រី PM ឈ្មោះ លី ចាន់សុខុម ដែលជាកូនចៅថៅកែរណ្តៅដីរូបនេះ បានឆ្លើយបង្វែររឿងថា ថៅកែ របស់ខ្លួនមិនមែនជាអ្នកបាញ់ក៏ដោយ ពោលគឺចង់បង្វែររឿងពីខ្មៅទៅជាស ។ បញ្ហានេះ អធិការស្រុកស្អាងក៏បានព្រមានថាអ្នកព្យាយាមផ្តល់ព័ត៌មានមិនពិតក៏ត្រូវមានទោសព្រហ្មទណ្ឌដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ បានលឺស្នូរកាំភ្លើងជាច្រើនគ្រាប់លាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅស្ថិតនៅភូមិលេខ៣ឃុំស្វាយ រលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល ។ ប្រភពបានសង្ស័យថា ជនបង្ក ឈ្មោះ រឿង សំអាង ហៅពៅ ជាម្ចាស់រណ្តៅដីនោះ។ ករណីនេះ មិនទាន់ទទួលការបំភ្លឺពីឈ្មោះ រឿង សំអាង ហៅ ពៅនៅឡើយទេ ដោយសារទូរស័ព្ទរបស់ថៅកែរូបនេះ ទាក់ទងមិនចូលនៅរសៀលថ្ងៃទី ១៩ មករា នេះ ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ឱ្យដឹងថា ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានហៅឈ្មោះ លី ចាន់សុខុម អាយុ៣០ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាមេការរណ្ដៅដីឈ្មោះ រឿង សំអាង ហៅ ពៅ ដោយជននេះបានព្យាយាមឆ្លើយបង្វែងដាន បើទោះសមត្ថកិច្ចសួរ នាំ យ៉ាងណាក៏ដោយ។
លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺរបស់មេការរូបនេះ ប្រសិនបើឆ្លើយបំភ្លឺបង្វែរ រឿង ពិតនោះ ប៉ុន្តែបើសិនជានគរបាលធ្វើការស្រាវជ្រាវរកឃើញថា ថៅកែរបស់ខ្លួនជាអ្នកប្រព្រឹត្តិ បាញ់ រហូតដល់២០គ្រាប់នោះ ឈ្មោះ លី ចាន់សុខុម នេះគឺត្រូវជាប់ទោស ពីបទលាក់បំបាំងការពិត ត្រូវ ទទួលទោសតាមផ្លូវច្បាប់ ហើយឈ្មោះ រឿង សំអាង ហៅ ពៅនេះក៏មិនអាចគេចផុត ពីច្បាប់ផ្តន្ទា ទោស ផងដែរ ៕