លោក ពេជ្រ ស្រស់ ចាត់ទុក​សំដី​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថា កំពុង​រំលោភ​សិទ្ធិមនុស្ស​ឆ្លង​ទ្វីប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ទើប​មាន​វត្តមាន​ក្នុង ឆាកនយោបាយ​នៅ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ ដោយ​ចាត់ទុក​ការ​ថ្លែង​របស់លោក ភី​ល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson )​នាយករង នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​( Human Rights Watch) បាន និង​កំពុង​រំលោភសិទ្ធិ​មនុស្ស​ឆ្លង​ទ្វីប ។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ប្រតិកម្ម​ថា «​លោក Phil Robert son បាន នឹង​កំពុង​រំលោភសិទ្ធិ​មនុស្ស​ឆ្លង​ទ្វីប​ហើយ ដោយ​លោក​ធ្វើការ​ប្រកាន់​ខ្ញុំ​ទាំង លោក​មិន បានដឹង​អំពី​ស្ថានភាព​របស់ខ្ញុំ​ច្បាស់លាស់ ម្យ៉ាងទៀត​លោក​បាន​បញ្ជា​តុលាការ​កម្ពុជា ឲ្យ​មក​កាត់ ទោស​ខ្ញុំ វា​គឺជា​ការរំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​» ។​

​សូមជម្រាបថា ការលើកឡើង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី លោក Phil Robertson នាយករង​នៃ​អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្រង់​សំដី​ផ្សាយ​ថា លោក ពេជ្រ ស្រស់ ជា​អ្នកនយោបាយ មិនដឹង​អ្វី​សោះ​ទាក់ទង​នឹង​រឿង លោក កែម ឡី​។ លោក Phil Robertson ក៏បាន​ថ្លែង​វាយប្រហារ ទៅ​លោក ពេជ្រ ស្រស់ ផងដែរ​ថា​» ផ្លូវ​ដែល​នាំទៅរក​យុត្តិធម៌ មានតែ​មួយគត់​គឺ​ផ្តន្ទាទោស ពេជ្រ ស្រស់ ដោយសារតែ​ការដាក់​ពាក្យបណ្ដឹង​ក្លែងក្លាយ​នេះ ហើយ​បំផ្លាញ​ពេលវេលា​របស់​តុលាការ​»​។​

ឆ្លើយតប​ទៅនឹង​ការ​ថ្លែង​របស់​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ពេជ្រ ស្រស់ បាន​លើកឡើងថា លោក Phil Robertson គួរតែ​បិទ​អង្គការ Human Rights watch ចោល​ទៅ ដោយហេតុថា លោក​មិន​សម​ធ្វើជា​មនុស្ស​ពត់​តម្រង់​ឲ្យ​មនុស្ស គោរព​សិទ្ធិមនុស្ស​បាន នោះទេ ។​

លោក ពេជ្រ ស្រស់ បញ្ជាក់​បន្ថែមថា ក្នុងនាម​បរទេស មិនគួរ​ញុះញង់​ជាតិ​សាសន៍​ដទៃ​ឲ្យ បែកបាក់​ផ្ទៃក្នុង​នោះឡើយ ។ ចំណែក​ប្រព័ន្ធតុលាការ​បាន​ព្យាយាម​ដោះស្រាយ​បណ្តឹង​ជូន គ្រប់ ជនរងគ្រោះ ដោយ​ឈរលើ​គោលការណ​ណ៍​ស្មើភាព​នៅ​ចំពោះមុខ​ច្បាប់ ដើម្បី​ឲ្យ​ជនរងគ្រោះ ទទួលបាន​នូវ​ភាពយុត្តិធម៌​។​

​លោក ពេជ្រ ស្រស់ បញ្ជាក់​ទាក់ទិន​ទៅនឹង​រឿង​បច្ច័យ​បុណ្យសព​លោក កែម ឡី ថា តុលាការ​បាន​រកឃើញ​ពី​តម្រុយ​នៃ​ការ​ប្រ​ពឹ​ត្ត​បទល្មើស​របស់​ជន​ទាំងបី​នោះ ដែលជា​អតីត​អ្នកដឹកនាំ​ការងារ​បុណ្យសព​លោក​បណ្ឌិត កែម ឡី គឺ​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា​៕