ខេត្តកណ្តាលៈ បុរសម្នាក់ដែលគេស្គាល់ថា ជាភ្នាក់ងារការសែតសម្លេងប្រជាជន ត្រូវស្រីស្នេហ៍ចាក់ចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលបុរសរូបនោះ នាំស្រីស្នេហ៍ជាឃាតក ចូលទៅក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់មួយកន្លែង នៅស្រុកអង្គស្នួល ។ ក្រោយចាក់សម្លាប់រួច ស្ត្រីដៃដល់បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្ដង ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ជាង៦ល្ងាច ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់លេខ១១ ផ្ទះសំណាក់យីហោ «សំណាងណាស់» ស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពព័តមានពីមន្ត្រីប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ នួន សុភាព អាយុ៥៨ឆ្នាំ មានរបរបើកហាងកោសជប់ និងម៉ាស្សា ហើយ ក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា ជនរងគ្រោះត្រូវបានស្រីស្នេហ៍ចាក់ប្រហារចំនួន១៧កាំបិត ចំត្រង់ត្រង់ពោះ,ចង្អុលដៃស្ដាំ ខ្នងដៃខាងឆ្វេង ,បាតដៃខាងឆ្វេង,និងភ្លៅស្ដាំ ។ ករណីនេះនៅមិនទាន់ដឹងថា ជាអំពើប្លន់សម្លាប់ឬក៏ជារឿងគំនុំនៅឡើយទេ ប៉ុន្តែឃាតករបានយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងទៅបាត់។
ប្រភពដដែលបានបញ្ជាក់ថា នៅនឹងកន្លែងកើតហេតុនគរបាលបានប្រទះឃើញមាន ភួយពណ៌ផ្កាឈូក១, កន្សែងពណ៌ក្រហម ប្រឡាក់ឈាម១, ខ្នើយគ្របសង្កត់លើមុខជនរងគ្រោះ១, កម្រាលពូក ពណ៌ផ្កាឈូកប្រឡាក់ឈាម១,ខោលីអូរ ពណ៌ក្រហមនៅលើពូកផ្នែកចុងជើង១, វ៉ែនតាខ្មៅ១, ស្រោមអនាម័យមិនទាន់ប្រើ២, ច្រាស់ដុសធ្មេញមិនទាន់ប្រើ២, សាប៊ូ២ដុំ,ទឹកសុទ្ធ១ដប,ជើងមាន់ឆ្អិន១កញ្ចប់. ,វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា១គ្រឿង ,ខោជើងវែងពណ៍ត្រេអី១, អាវយឺតដៃវែងពណ៍សលាយខ្មៅនិងខៀវ១, អាវយឺវាលឃ្លៀកពណ៍ខ្មៅ១ ,ស្រោមជើងមនុស្សស្រី១គូពណ៍ខ្មៅ , មួកសុវត្ថភាព១, ខ្សែក១ខ្សែ, កាំបិតចុងស្រួចប្រឡាក់ឈាម១ និងសម្ភារៈមួយចំនួនទៀត ៕