កំពង់ចាម ៖ នាងក្រមុំម្នាក់ ត្រូវបានកំលោះជាគូដណ្តឹងបានមកសុំឪពុកម្តាយរបស់នាងអោយទៅជួយលក់ទឹកអំពៅ នៅស្រុកខាងកូនកំលោះ ដែលនៅជាប់ព្រំប្រទល់ស្រុក ហើយបាត់មិនឃើញត្រទ្បប់មកវិញ ធ្វើអោយអាណាព្យាបាល មានការព្រួយបារម្មណ័ ប្តឹងសមត្ថកិច្ចជួយស្រាវជ្រាវ។
លោក ខេង ស្រេង អធិការ នគរបាល ស្រុកចំការលើ បានអោដឹងថា នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៤០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺបានទទួលបណ្តឹងពីឈ្មោះ ជួន ស ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ស្តីពីការបាត់កូនស្រីរបស់ខ្លួនឈ្មោះ នាថ ធីតា អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់ក្នុងបន្ទុក។
អាណាព្យាបាលរបស់កូនក្រមុំបានអោយដឹងថានៅថ្ងៃ ទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺឈ្មោះ ម៉ង សំណាង ភេទប្រុសអាយុ២៧ឆ្នាំ ត្រូវជាគូដណ្តឹង របស់ នាង នាថ ធីតា នៅភូមិស្ពឺ.ក ឃុំជយោ ស្រុកចំការលើ បានមកឌុបកូនស្រីរបស់ខ្លួនដោយប្រាប់ថា ទៅជួយលក់ទឹកអំពៅ នៅចំណុចផ្សារស្ពឺ ក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
រហូតដល់ម៉ោង៧ និង៣០ នាទី ថ្ងៃដដែលបានបាត់ឈ្មោះ នាថ ធីតា នៅចំណុចកន្លែងលក់ទឹកអំពៅ ធ្វើអោយអាណាព្យាបាលមានការព្រួយបារម្មណ៍បានប្តឹងសមត្ថកិច្ចជួយស្រាវជ្រាវ។
លោក អធិការ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មិនឃើញកូនក្រមុំត្រលប់មកផ្ទះវិញទេ។
លោកអធិការបានបញ្ជាក់ថា លោកមិនទាន់ធ្វើការសន្និដ្ឋានជាក់លាក់ពីករណីទេ ព្រោះកំពុងស្រាវជ្រាវបន្តនៅឡើយ៕ ដោយ ៖ សុភ័ណ្ឌ