ប៉ោយប៉ែត ៖ ទីតាំងល្បែងស៊ីសងរបស់កាស៊ីណូចំនួន៥ នៅចំណុចរង្វង់មូលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលស្ថិតក្រៅតំបន់គ្រប់គ្រងរបស់អន្តោប្រវេស្ដ៏ គេឃើញមានពលរដ្ឋខ្មែរចូលលេងប្រមាណ៩០% នៃចំនួនភ្ញៀវចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានចំណាត់ការអន្តរាគមន៍បង្ក្រាបពីសមត្ថកិច្ចថ្នាក់ឡើយ ចំណែកអាជ្ញាធរមូលដ្ឋានក៏មិនអើពើកនឹងករណីនេះដែរ។ នេះបើតាមការបង្ហើបប្រាប់ពីមន្ត្រីច្រកទ្វារអន្តរជាតិម្នាក់។
មន្ត្រីដដែលនេះ បានឱ្យដឹងថា ក្នុងនោះ ហ្គាយ ដែលជាអ្នកនាំភ្ញៀវនៅច្រកទ្វារក៨ នាំគ្នាចូលលេងល្បែងផងដែរ មិនតែប៉ុណ្នោះសួម្បីកម្មករអូររទេះក៏នាំគ្នាំចូលលេងយ៉ាងអនាធិបតេយ្យដែរ។ ម្យ៉ាងទៀតកាស៊ីណូខាងលើនេះបានបើកនៅខាងក្រៅបារាស់ធ្វើឧ្យសមត្ថកិច្ចពិបាកគ្រប់គ្រង ដែលភ្ញៀវមួយចំនួនតូច បានយកកាស៊ីណូជាសំអាង រួចហើយចូលក្នុងផ្ទៃប្រទេសកម្ពុជាដោយខុសច្បាប់ តែម្ដង។
ប្រជាពលរដ្ឋ បានលើកឡើងថា ការវិនិយោគលើវិស័យ កាស៊ីណូ នេះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ឲ្យតែជនបរទេសប៉ុណ្ណោះទើបអាចចូលលេង ។ ប៉ុន្តែសម្រាប់កាស៊ីណូចំនួន៥ នៅចំណុចរង្វង់មូលប៉ោយប៉ែតនេះ ដូចជាកាសីណូ រីច (Rich) ,កាស៊ីណូឡាក់គី (LUCKY/កាស៊ីណូPoipet VEGAS/, កាស៊ីណូឡាហ្គ្រន់ វីបតូរី, កាស៊ីណូប៉ោយប៉ែត Palace plus ខេត្តបន្ទាយមាន ជាដើម គឺបើកឱ្យពលរដ្ឋចូលលេងដោយសេរីបំពានទៅលើបទបញ្ញត្តិច្បាប់ជាធរមានរបស់ប្រទេស។
ប្រភពដដែល បានបន្តថា ហេតុដូច្នេះហើយ ទើបធ្វើឲ្យភាព អនាធិបតេយ្យ នៃការចែកចាយគ្រឿងញៀន រួមទាំងអំពើចោរកម្ម ឆក់ប្លន់ និងបទល្មើស ឆ្លងដែនជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ព្រោះល្បែងស៊ីសង និងគ្រឿងញៀន ជាប្រភពបង្កឱ្យមានបទល្មើស អស្ថិរភាពសង្គម ។
ជាក់ស្ដែងកាស៊ីណូដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរ រហូតដល់ថ្នាក់កម្មករអូសរទេះ ក៏អាចចូលលេងល្បែងបានដោយសេរីបែបនេះ តើអាចធានាសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព ដែលសម្រេចដាក់ឲ្យអនុវត្តដោយក្រសួងមហាផ្ទៃ និងប្រមុខ រាជរដ្ឋាភិបាល បានដែរឬទេ។
ជុំវិញករណី ទីតាំងល្បែងស៊ីសងរបស់កាស៊ីណូចំនួន៥ ដែលបើកឲ្យពលរដ្ឋរចូលលេងភ្នាល់លុយនេះត្រូវបានប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តមេត្តាចាត់វិធានការត្រួតពិនិត្យផង ហើយបើខុសច្បាប់គួរតែបង្ក្រាបមិនត្រូវទុកឲ្យលេងយ៉ាងនេះទៀតនោះទេ ព្រោះថាបានប៉ះពាល់ដល់សុខសុវត្ថិភាពដល់ពួកគាត់យ៉ាងខ្លាំង។
នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះ ភ្នាក់ងារព័ត៌មានមេគង្គប៉ុស្តិ៍ មិនទាន់អាចសុំការពន្យល់ពីលោក អភិបាលថ្មីនៃក្រុងប៉ោយប៉ែ បាននៅឡើយទេ ចំណែកទូរស័ព្ទរបស់លោក អភិបាលខេត្តបន្ទាយមានជ័យ ជាប់រវល់ជាញឹកញាប់មិនអាចភ្ជាប់ប្រព័ន្ធបានទេ៕