ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានសហការជាមួយមន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនិងនគរបាលមូលដ្ឋានខណ្ឌ៧មករាបានចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងផលិត ប៊ីចេងក្លែងក្លាយចំនួន៣ទីតាំងនៅក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកលីសុផាន់ណាៗព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងមានការបញ្ជាផ្ទាល់ដោយ លោកឩត្តមសេនីយ៍ មាសរ៉ាវុធអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើឡើងកាលពីរសៀល ថ្ងៃទី២២ខែមករាឆ្នាំ២០១៨ ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹតខណ្ឌ៧មករារាជធានីភ្នំពេញ។
នគរបាលបានបានអោយដឹងថា ទីតាំងវេចខ្ចប់ ស្តុក និងចែកចាយប៊ីចេងក្លែងក្លាយសញ្ញារូបវែក ដែលសមត្ថកិច្ចចុះបង្ក្រាប រួមមាន៖
ទីតាំងទី១ ស្ថិតនៅចំណុចផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ សមត្ថកិច្ចដកហូតបាន ប៊ីចេង ចំនួន ៥៣បេ ស្មើនឹង ១៣៦៤គីឡូក្រាម ប៊ីចេងមិនទាន់វេចខ្ចប់ចំនួន ៧៦បេ ស្មើនឹង ១៨៩៨ គីឡូក្រាម សំបកវេចខ្ចប់ទំងន់ ៩៩ គីឡូក្រាម ម៉ាស៊ីនអ៊ុតមាត់ថង់ ១គ្រឿង និងម៉ាស៊ីនវេចខ្ចប់ ១គ្រឿង។
ទីតាំងទី២ ស្ថិតនៅចំណុចផ្ទះ១៤B ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ សមត្ថកិច្ចដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០កញ្ចប់តូច ស្មើនឹង ២៧៥គីឡូក្រាម និងសំបកខ្ចប់មួយចំនួនទៀត។
ទីតាំងទី៣ ស្ថិតនៅផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
នគរបាលបានអោយដឹងទៀតថានៅមុនពេលឈានដល់ការចុះប្រតិបត្តិការទីតាំងទាំងអស់នេះគឺខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុនប៊ីចេងនៅប្រទេសថៃដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជាថា មានក្រុមហ៊ុននិងទីតាំងផលិតប៊ីចេងក្លែងក្លាយជាច្រើនទីតាំងកំពុងប្រព្រឹត្តលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញនិងនៅតាមខេត្ត។
ជាលទ្ធផលក្រោយបញ្ជប់ប្រតិបត្តិការទាំង២ទីតាំងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការដកហូតវត្ថុតាងជាច្រើនរយគីឡូនិងម៉ាស៊ីនផលិត១គ្រឿងថែមទាំងសម្ភារសម្រាប់ច្រកជាច្រើនទៀត។និង១ទីតាំងទៀតកម្លាំងសមត្ថកិច្ចនិងបន្តប្រតិបត្តការនៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨នេះបន្តទៀត។
សូមបញ្ជាក់ផងដែរម្ចាស់ទីតាំងទាំង២ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ឋ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕