ពុល​ត្រី​ក្រពតនៅ​កោះ​ស្តេចខេត្តកោះកុង ស្លាប់​ម្នាក់ សង្គ្រោះ​ទាន់ពេល​៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​ខេត្តកោះកុង ៖ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ប្រជា​នេសាទ​សមុទ្រ រស់ នៅ​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង ប្រមាណ​ជិត​១០​នាក់ ក្នុង​គ្រួសារ បាន​ពុល​ត្រី​ក្រពត​ធ្ងន់ធ្ងរ និង​ឈានដល់​មាន​មនុស្ស​ម្នាក់​ស្លាប់ នៅវេលា​ម៉ោង ៤​ល្ងាច ថ្ងៃ​ចន្ទ ទី​២២ ខែមករា និង​៩​នាក់​ទៀ​ត្រូវបាន​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ និង​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ ពួកគាត់ បាន​ព្យាយាម​ជួយ​នាំយក​ជនរងគ្រោះ ទៅ​សង្គ្រោះ យ៉ាង​ប្រញាប់ប្រញាល់​បំផុត ដោយ​ក្នុងនោះ​ជនរងគ្រោះ​ម្នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ ជនរងគ្រោះ​ចំនួន ៦​នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល និង ២​នាក់​ទៀត​ដោយមាន​សភាព​ធ្ងន់ធ្ងរ បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។

បើទោះជា​យ៉ាងនេះ​ក្តី នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ មាន​បុរសរងគ្រោះ​ម្នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​អ្នកពុល​ត្រី​ក្រពត​ដទៃទៀត បាន​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ និង​មន្ត្រីនគរបាល​មូលដ្ឋាន ដដែល​បាន​បន្តថា ជនរងគ្រោះ ក្នុង​ហេតុការណ៍​ពុល​ត្រី​ក្រពត​ទាំងនោះ កំពុង​សំរាក​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ដើម្បីអោយ អ្នកជំងឺ​ទាំងនោះ បាន​ធូរស្រាល និង​ជាសះស្បើយ រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕