ភូមិ​ទាំងអស់​នៅ​ទូទាំង​កម្ពុជា​នឹងមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ដល់​ឆ្នាំ ២០២០ ភូមិ​ទាំងអស់ ទូទាំង​កម្ពុជា នឹងមាន​អគ្គិសនី​ប្រើប្រាស់ ពី​ប្រភព​ផ្សេងៗ ហើយ​ឆ្នាំ​២០៣០ យ៉ាងហោចណាស់ ៧០% នៃ​លំនៅដ្ឋាន​ទាំងអស់ ទូទាំង​កម្ពុជា នឹងមាន​អគ្គិសនី ដែលមាន​គុណភាព ដូចជា​អគ្គិសនី ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​។​

​នេះ​បើតាម មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​អគ្គស​នី​កម្ពុជា​បានលើកឡើង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ បញ្ចប់​ឆ្នាំ​២០១៧ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ អគ្គស​នី​កម្ពុជា​បាន​មានប្រសាសន៍ថា ផ្អែកលើ​ការ អភិវឌ្ឍ​លើ​គ្រប់ វិស័យ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សន្ទុះ​នៃ​ការផលិត ប្រភព​អគ្គិសនី នៅក្នុង​ស្រុក​របស់​កម្ពុ​ជា មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​សុ​ទ​ដ្ឋិ​និយម​ថា នឹង​ស​ម្រ​ច​ឱ្យបាន​ការផ្គត់ផ្គង់​អគ្គិសនី​មួយ​គ្រប់គ្រាន់ គ្រប់​ទីកន្លែង ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និង​មាន​ថ្លៃ​កាន់តែ​ទាប ទូទាំងប្រទេស​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​។​

​លោក​បញ្ជាក់ថា គោលដៅ​របស់​កម្ពុជា គឺ​ជម្រុញ​ការវិនិយោគ​បន្ថែមទៀត ដើម្បីឱ្យ​រាជធានី​\​ខេត្ត​ទាំង​២៥ មាន​អនុ​ស្ថានីយ៍ ផ្តល់​ប្រភព​នៅក្នុង​ខេត្ត​ផ្ទាល់​នៅ​ឆ្នាំ​២០២០​។ ខណៈដែល​បច្ចុប្បន្ននេះ អគ្គិសនី​កម្ពុជា​កំពុងតែ​មមាញឹក​អនុវត្ត​គម្រោង​ពង្រីក “​បណ្តាញ​ជាតិ​” ដើម្បី​បង្កើតឱ្យមាន​អនុ​ស្ថានីយ៍​ផ្ទាល់ នៅ​ខេត្ត​ដែល​នៅ​សេសសល់​ទាំង​៦​។

​លោក  បញ្ជាក់ថា ការផ្តល់​សេវាកម្ម​ចែកចាយ អគ្គិសនី​គឺ​ពឹង​ផ្អែកទៅលើ​ការវិនិយោគ សាងសង់​បណ្តាញ​ចែកចាយ ។ គោលដៅ​អគ្គស​នី​ភាវូបនីយកម្ម​របស់​ក​ម្ពុ​ជា គឺ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ភូមិ អាច​ទទួលបាន​សេវា​ចែកចាយ អគ្គិសនី​នៅ​ឆ្នាំ​២០២០​។

​យ៉ាងណា លោក​បញ្ជាក់ថា សន្ទុះ​នៃ​ការផ្តល់​ថាមពល​អគ្គិសនី​នេះ បាន​ដើរ​លឿន​ជាង​ការប៉ាន់ប្រមាណ​របស់​ធ​នាគា​ពិភពលោក ដែល​បានធ្វើ​ការសិក្សា​ថា រហូតដល់​ឆ្នាំ​២០៣០ ទើប​លំនៅដ្ឋាន ៧០% អាចមាន​អគ្គិសនប្រើប្រាស់​ទូទាំងប្រទេស​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល បាន​មានប្រសាសន៍ថា ដល់​ចុងឆ្នាំ​២០២០ ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា មិន​ត្រឹម​តែមាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​អគ្គិសនី​ផ្សេងៗ​ទេ តែ​ក្នុងនោះ​យ៉ាងហោចណាស់​៩៨% នៃ​ភូមិ​ទាំងអស់ នឹងមាន​អគ្គិសនី​ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​របស់​បណ្តាញ​ជាតិ ដែលមាន​តម្លៃ​សមរម្យ មានការ​អនុគ្រោះ​ថ្លៃ មាន​ស្ថិរភាព និង​មាន​គុណភាព​ទៀតផង​។​

ជាមួយគ្នា​នោះ ឯកឧត្តម រដ្ឋមន្ត្រី ស្នើឱ្យ​សេវាករ​អគ្គិសនី​ទាំងអស់ យកចិត្តទុកដាក់ អនុវត្ត​និង​គោរព​ឱ្យបាន​នូវ​គោលការណ​ណែនាំ របស់​រាជរដ្ឋាភិបាល ធ្វើយ៉ាងណា​ឱ្យបាន​ទាន់ពេលវេលា​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ នឹង​បញ្ចៀស​ឱ្យបាន​នូវ​បញ្ហា ដែលនាំឱ្យ​មានការ​ប្តឹង​តវា​ពី​ប្រជាពលរដ្ឋ ការរំលោភបំពាន​ផ្សេងៗ ជាពិសេស​បង្កើត​បញ្ហា​ផ្ទុយ​ពី​កា​ណែនាំ​។ ក្នុងរ​ណី​ដែល​ក្រសួង​រកឃើញថា មាន​ទង្វើ​ល្មើស​នឹង​សេចក្តីណែនាំ សេវាករ​ទាំងនោះ​នឹងត្រូវ​ប្រឈមមុខ​ទទួលទោស​ទណ្ឌ​ច្បាប់​ផ្លូវច្បាប់​ជា​ធរមាន​។​

​លោក បញ្ជាក់​ផងដែរ​ថា គោលការណ៍​របស់​ក្រសួង គឺ​បន្តធ្វើ​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​ដើម្បីឱ្យ​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​ជំរុញ​ការអភិវឌ្ឍន៍​ផលិតកម្ម អគ្គិសនី​ក្នុងស្រុក​បន្ថែមទៀត ដើម្បីឱ្យ​កម្ពុជា​អាច​ម្ចាស់​ការខ្លួន​ឯក​លើ​ប្រភព​អគ្គិសនី រួច​ប្រ​ក្លាយ​ការនាំ​ចូល ពី​ប្រទេសជិតខាង ឱ្យទៅជា​ការធ្វើ​ពាណិជ្ជកម្ម​ដែល​ឈរលើ​គោល​ការ​ចំណេញ​ខាត ក្នុងការ​ប្រើប្រាស់​អគ្គិសនី​នាំចូល​នេះ​ទៅ​វិញ​៕​