កាន់​លុយ​ក្លែងក្លាយ​ជិត​៣​ពាន់​ដុល្លារ​បន្លំ​ទិញ​ឥ​វ៉ាន់​នៅ​ក្រុង​តាខ្មៅ ត្រូវ​អ្នកលក់​ចាប់​ជាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

 

​កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើ​ការឃាត់​បញ្ជូនទៅ​អធិការនគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ​បន្ទាប់ពី​បាន​ជិះ​រថយន្ដ​មួយគ្រឿង ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​តាខ្មៅ ដោយ​យកប្រាក់​ដុល្លារ​ក្លែងក្លាយ​ជិត​៣.០០០​ដុល្លារ​ចូល​បន្លំ​ទិញ​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ជា​បន្ដបន្ទាប់​គ្នា តែ​ត្រូវ​អាជីវករ​ដឹង​ដេញចាប់បាន​ប្រគល់ជូន​សមត្ថកិច្ច​។​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៦​ល្ងាច ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ មួយកន្លែង​ស្ថិតក្នុង​ភូមិ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​ឈ្មោះ សឺ ប៊ុន​ទ្រី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩ ផ្លូវ​២៧៤ សង្កាត់​បឹង​ព្រលឹត ខ័​ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ចំណែកឯ​ជនរងគ្រោះ​មាន​៣​នាក់​ទី​១-​ឈ្មោះ ផាវ សារិទ្ធ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូ​រេ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទី​២-​ឈ្មោះ លឹម លីម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ ម៉ន អៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ក្នុងការ​ចាប់ខ្លួន​នេះ​ផងដែរ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ រថយន្ត​១​គ្រឿង​ម៉ាក​TOYOTA pruis ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-1163 ,​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​២,៧០០​ដុល្លារ​សហរដ្ឋអាមេរិក ,​ប្រាក់​ដុល្លារ​ពិតប្រាកដ​ចំនួន​២៩​ដុល្លារ​សហរដ្ឋអាមេរិក ,​ប្រាក់រៀល​ចំនួន​១០២,៨០០​រៀល ,​ស្រា​បៀរ​ABC​ចំនួន​៣​កេស ,​ប្រេងសាំង​ចំនួន​១​ប៊ីដុង មាន​ចំណុះ​៣០​លីត្រ ,​អាគុយ​ម៉ាក​ROCKET​ចំនួន​២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ម៉ាក​LG ពណ៌​ស ។​

​លោក​អធិការ​បាន​បន្ដថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​សឺ ប៊ុន​ទ្រី បាន​ជិះ​រថយន្ត​ម៉ាក TOYOTA pruis ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-1163 ពី​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​តាខ្មៅ ដោយ​យកប្រាក់​ដុល្លារ​ក្លែងក្លាយ ក្រដាស់​១០​ៗ​ចំនួន​២,៧០០​ដុល្លារ​សហរដ្ឋអាមេរិក រួច​ចុះ​ពីលើ​ឡាន ទៅ​ទិញ​ស្រា​បៀរ និង​សាំង​របស់​ជនរងគ្រោះ​ចំនួន​៣​នាក់ ដូច​រៀបរាប់​ខាងលើ ជា​បន្តបន្ទាប់​គ្នា ខណៈដែល​ទិញ​រួច ជនសង្ស័យ​ក៏បាន​បើករថយន្ដ​ចេញពី​កន្លែង​លក់​ឆ្ពោះទៅ​ទិញ​កន្លែង​ផ្សេងទៀត ។ ក្រោយមក​ជនរងគ្រោះ​បានដឹងថា ជនសង្ស័យ​ទិញ​ទំនិញ​របស់ខ្លួន​ជា​ប្រាក់​ដុល្លារ​ក្លែងក្លាយ ភ្លាមៗ​នោះ​ជនរងគ្រោះ ក៏​តាមរក​ជនសង្ស័យ​ឃើញ​នៅ​ម្តុំ​ផ្សារ​ព្រែក​ហូរ​ភ្លាម ហើយ​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់ជូន​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ និង​ដកហូត វត្ថុតាង​ខាងលើ រួច​បញ្ជូន​ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង មក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យកប្រាក់​ដុល្លា​ក្លែងក្លាយ​ទៅ​ទិញ ទំនិញ​របស់ ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​ខ្លួន​ធ្លាប់បាន​យកប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០០​ដុល្លារ​នោះ​យកមក​ប្ដូរ​ប្រាក់រៀល ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​១៩ ខែ​ឆ្នាំ​ដដែល នៅ​ចំណុច​ស្តុ​ប​ស្ពាន​ព្រែក​ហូរ ។ ចំពោះ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទាំងនោះ គឺ​ខ្លួន​បានមកពី​ជន​ម្នាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ៕​