កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន៥នាក់ រស់នៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានទទួលអំណោយលើកទឹកចិត្តពី លោកឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បន្ទាប់ពីបានសហការផ្តល់ព័ត៌មានចង្ហុលបង្ហាញផ្នូរសពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ជូនដល់អង្គភាពកា៩០ ចំនួន៨សព កាលពីពេលកន្លងទៅ ។
លោកមេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងបានថ្លែងថា បើនិយាយតាមជំនឿអ្នកកាន់ព្រះពុទ្ធសាសនា ប្រជាពលរដ្ឋដែល ដែលជាអ្នកជីក និងលើកយកអដ្ឋិធាតុកងទ័ពវៀតណាមវិលទៅជួបជុំប្រពន្ធកូន នៅក្នុងស្រុកវិញគឺទទួលបានបុណ្យកុសលច្រើនណាស់ ។ លោក បានថ្លែងបន្តទៀតថា អដ្ឋិធាតុរបស់កងទ័ពវៀតណាមខាងនេះ គឺជាអ្នកបំពេញកាត្វកិច្ចអន្តរជាតិសុខចិត្តលះបង់ជីវិត សហការជាមួយកងទ័ពរណសិរ្យសង្គ្រោះជាតិកម្ពុជានៅក្នុងអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១០៩០ វាយពួកប្រល័យពូជសាសន៍ ប៉ុលពត រំដោះទឹកដីនិងរំដោះជីវិតប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ អោយរស់រានមានជីវិតឡើងវិញ ដែលជារឿងពិតមិនអាចកាឡៃបាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
ការសហការរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការជួយស្វែងរកអដ្ឋិធាត់របស់កងទ័ពស្មគ្រ័ចិត្តវៀតណាមធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុភូមិវិញដើម្បីជួបជុំក្រុមគ្រួសារ គឺជាអំពើមនុស្សធម៌មួយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។
ក្នុងនាមមេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង តំណាងអោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងតំណាយអោយ លោកវរៈសេនីយ៍ឯក ថាម ផាញ់ញឺង មេបញ្ជាការអង្គភាពកា៩០កងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ ធន ធឿន សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ប្រជាពលរដ្ឋទាំង៥នាក់នៅក្នុងឃុំសែប ដែលបានសហការយ៉ាងជិតស្និតផ្តល់ព័ត៌មាន ដល់អង្គភាពកា៩០ បានរុករកឃើញអដ្ឋិធាតុកងទ័ពវៀតណាមចំនួន ៥សពនៅក្នុងឃុំសែប។ ដែលនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ធន ធឿន បានឧបត្ថម្ភថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
នៅក្នុងកម្មវិធីនេះ លោកវរៈសេនីយ៍ឯក ថាម ផាញ់ញឺង មេបញ្ជាការអង្គភាពកា៩០កងទ័ពប្រជាជនវៀតណាម ក៏បានឧបត្ថមកាដូនូវគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ដើម្បីលើកទឹកចិត្តចំពោះប្រជាពលរដ្ឋទាំង៥នាក់ រស់នៅក្នុងឃុំសែបនេះផងដែរ៕