ពស់​ស្រកាចាក់​ញី​-​ឈ្មោល​ត្រូវ​អ្នកភូមិ​វាយ​ស្លាប់​ក្រោយពេល​ចឹក​ម្ចាស់​ស្រែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​ប៉ៃលិន ​៖ បុរស​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​នាំ​កូនចៅ​ទៅ​កាប់​ព្រៃ​ស្រែ​ដែល​ដុះ​ក្រាស់ ក៍​ត្រូវ​ពស់​ស្រកា​ចាស់​ឈ្មោល​មួយ​ក្បាល​ចឹក​ចំ​ជើង​ខាង​ធ្វេ​ង ហើយ​ត្រូវ​សាច់ញាតិ​ដឹក​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំការ​មួយកន្លែង ក្នុងភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បុរស​ចំណាស់ ដែល​ត្រូវ​ពស់​ចឹក​ឈ្មោះ តាប់ ឃឿន ហៅ​ខាំ អាយុ​៦០​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ លឹម ឡុង អាយុ​៥៨​ឆ្នាំ មានកូន​ចំនួន​៥​នាក់ ប្រុស​៣ ស្រី​២​នាក់​ក្នុងបន្ទុក រស់នៅ​ភូមិ​/​ឃុំ កើតហេតុ​ខាងលើ ។​

​បើតាម​ព័ត៌មាន​ពី​ជនរងគ្រោះ បាន​រៀបរាប់ថា​៖ មុនដំបូង​គាត់​បាន​នាំ​កូនៗ របស់គាត់​ទៅ​មើល​ស្រែ ដោយ​ធ្វើដំណើរ​តាម​គោយន្ត​កន្ត្រៃ លុះ​ទៅដល់​ស្រែ ដោយ​ឃើញ​ស្មៅ​ឡើង​ក្រាស់ ក៍​នាំ​កូនៗ ព្រមទាំង​រូបគាត់​នាំគ្នា​កាប់​ព្រៃ តាម​ភ្លឺស្រែ ដែល​ក្រាស់ ។ បុរសរងគ្រោះ បន្តថា កំពុងតែ​កាប់​បាន​ប្រហែល​ពាក់កណ្តាល លុះដល់​កន្លែង​ដែល​ស្មៅ​ក្រាស់​ជាងគេ គាត់​ក៍​ឈាន​ជើង​ជាន់​លើ​ពស់ ដែល​នៅ​ទីនោះ បណ្តាល​ឲ្យ​វា​ខាំ​ចំ​ប្រអប់ជើង​ខាង​ង​ធ្វេ​ង​ជាប់ ហើយ​គាត់​ក៍​ស្ទុះ​រត់​ឡើងលើ​គោយន្ត​កន្ត្រៃ​ភ្លាមៗ ព្រមទាំង​ហៅ​កូនៗ អោយ​ដឹកយក​ទៅផ្ទះ ព្រមទាំង​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល ។​

​បើតាម​សាច់ញាតិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា​៖ ពេល​បញ្ជូនមក​ដល់ផ្ទះ គឺ​បុរសរងគ្រោះ បាន​សន្លប់​មួយសន្ទុះ រួច​ក៍​ដឹងខ្លួន​ក៍កូន​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន តែម្តង ។​ស្របពេល ដែល​ដឹក​បុរសរងគ្រោះ​មក​ព្យាបាល​នោះ ពស់​ដែល​ចឹក គឺ​ត្រូវបាន​អ្នកភូមិ​នាំគ្នា​វ៉ៃ​ងាប់ ខណៈ​ពស់​មួយ​ងាប់​ហើយ ស្រាប់​តែមាន​ពស់​មួយទៀត​អើត​ក្បាល​ចេញមក ក៍​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​អោយ​ងាប់​មួយទៀត​ផងដែរ ។​

បច្ចុប្បន្ន បុរសរងគ្រោះ​ត្រូវ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត យកចិត្តទុកដាក់​ព្យាបាល រហូត​បាន​ធូរស្រាល​ផងដែរ​៕