១០ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នៅ​ខេត្តកំពង់ ឆ្នាំង​លក់​ប្រេង​មិន​គ្រប់​លីត្រ និង​បន្លំ​សាំង​ធម្មតា ជា​សាំង​ស៊ុប​ពែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ មន្ត្រី​កាំកុងត្រូល​បាន​អះអាងថាៈ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ចំនួន​១០​កន្លែង​ក្នុងចំណោម ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ១១​កន្លែង ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​រកឃើញថា បាន​លួច​បន្លំ​គុណភាព និង លក់​មិន​គ្រប់ លីត្រ ទៅអោយ​អតិថិជន ។​ការ​អះអាង​នេះ បន្ទាប់ពី​មន្ត្រី​កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយ​នាំយក​រថយន្ត​ពិសោធន៍​ចល័ត មក​ធ្វើការ​ត្រួតពិនិត្យ ហើយ​រកឃើញ​នូវ​ភាពមិនប្រក្រតី​នេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ។

លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ដើម្បី​ធានាបាន​ភាពត្រឹមត្រូវ ទាំង​បរិមាណ​ចំណុះ​លីត្រ និង ទាំង​គុណភាព កម្លាំង​សមត្ថកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នាំយក​រថយន្ត​ចល័ត​មន្ទីរពិសោធន៍​ប្រេង​ឥន្ទ​នៈ ដោយ​ធ្វើ​តេស​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត និង​តាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ចំនួន​១១​ស្ថានីយ៍ មាន​ស្ថានីយ៍​តេ​លា ដេប៉ូ​តេ​លា សា​វិ​ម៉ិច និង​តួ​តា​ល់ ក្នុងចំណោម​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំងនេះ មាន​ចំនួន​១០ ដែល​រកឃើញថាៈ ម្ចាស់​ស្ថានីយ៍ បាន​បន្លំ​គុណភាព (​ដូចជា​សាំង​ធម្មតា​ប្រាប់​អតិថិជន​ថាៈ សាំង​ស៊ុប​ពែ​) និង​បរិមាណ​ចំណុះ​លីត្រ​មិន​គ្រប់ ក្នុង​១០០​លីត្រ លំអៀង​ពី​៣​លីត្រ រហូតដល់​១០​លីត្រ ។​

លោក​បាន​បញ្ជាក់ថាៈ​ចំពោះ​ស្ថានីយ៍​មាន​ភាពត្រឹមត្រូវ ទាំង​គុណភាព​និង​បរិមាណ មានតែ​១​ស្ថានីយ៍​ប៉ុណ្ណោះ គឺ​ស្ថានីយ៍ តូ​តា​ល់ ។​លោក​ប្រធាន​សាខា​បាន​អោយដឹងទៀតថាៈ ការចុះ​ត្រួតពិនិត្យ​ប្រេង​លើក​ទី​១​នេះ គឺ​សមត្ថកិច្ច​កាំកុងត្រូល គ្រាន់តែ​បានអោយ​ម្ចាស់​ស្ថានីយ៍​កាំកុងត្រូល ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព កេង​បន្លំ អតិថិជន ហើយ​បើ​ករណី​មិន​រៀងចាល ថ្ងៃក្រោយ​បើ​សមត្ថកិច្ច​កាំកុងត្រូល​រកឃើញ និង​ប្រឈម​ការផាកពិន័យ និង​ទទួលទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន ។
​ ​ប្រជ​ពលរដ្ឋ​ក្នុង​ខេត្ត​រង់ចាំ​មើលថាៈ តើ​ការប្រមាន​របស់​មន្ត្រី​កាំកុងត្រូល នៅថ្ងៃនេះ ពិតជា​ធ្វើបាន​មែនដែរ​ឬទេ បើ​ថ្ងៃក្រោយ​ម្ចាស់​ស្ថានីយ៍ នៅតែ​កេង​បន្លំ​ទាំង​បរិមាណ ទាំង​គុណភាព ទៀត​នោះ​៕