បាត់ដំបង ៖ រសៀលថ្ងៃទី ២៥ខែមករា ឆ្នាំ២០១៧ នេះ ក្រុមការងារសាខាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តនិងសហការីក្នុងបានអញ្ចើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ និងជនពិការ ចំនួន ១២គ្រួសារ មកពីភូមិទាំង១០ក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានបានពាំនាំផ្តាំផ្ញើសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាជួនចំពោះប្រជាពលរដ្ឋទាំងអស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
ឯកឧត្កមបណ្ឌិតអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូពីសុខភាពឲ្យល្អរស់នៅដោយមាន អនាម័យ ហូបស្អាត ការរស់នៅស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-ឃុំយើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។
មិនត្រូវមាក់ងាយ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
អំណោយគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ វីឃែរ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ មុង១ ភួយ១និងថវិកាមួយចំនួ។ ដោយឡែកគ្រួសារជនពិការបានបន្ថែមរទេះពិការ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕ ដោយ ៖ សុផល