តុលា​ការបន្ត​វិនិច្ឆ័យ​លើ​មន្ត្រីជាន់ខ្ពស់​យោធា​ដែល​ដេញ​បាញ់​មនុស្ស​នៅ​សង្កាត់​បឹងទំពុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2018 ក+ ក-

ភ្នំពេញ ៖ លោក សាន សុផាត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិ​ទាន់​សម្រេច​ចេញ​ដីកា ឃុំខ្លួន លោក​ផ្កាយ​១​យោធា ដែល​ត្រូវបាន​ពលរដ្ឋ​ប្តឹង​ពាក់ព័ន្ធ​ករណី​ដក​កាំភ្លើង​ដេញ​បាញ់​ប៉ុនប៉ង​សម្លាប់​ជនរងគ្រោះ​ដល់​មុខផ្ទះ នៅឡើយ​ទេ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ តែ​.​តុលាការ​នឹង​ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​២៧ មករា ទៀត ដើម្បី​ម្រេច​ថា តើ​ត្រូវ​ឃុំខ្លួន​យោធា​ពាក់​ផ្កាយ​ម្នាក់នេះ​ឬ​យ៉ាណា​នោះទេ ។​

បញ្ជាក់ថា លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ ហៀ​ម​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​បញ្ជាការ​កងទ័ពជើងគោក​មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ឯកភាព​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បាន​ប្រព្រឹត្ត​កាលពី​យប់ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៤៦៩ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៧​មាត្រា​១៩៩ និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​យប់ ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧ ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម បាន​ទៅ​ធាក់​ទ្វារ​បង​ស័ង្កសី របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា មាន​ទីតាំង​នៅផ្ទះ​លេខ​៤៦៩ ផ្លូវ​២៤BT​ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នៅពេលនោះ​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា បាន​សួរ​នាំទៅ​ជនសង្ស័យ​ថា ហេតុអ្វី​ក៏​មក​ធាក់​ទ្វារ​បង​ផ្ទះ​ខ្លួន​ស្រាប់តែ​ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ ហៀ​ម ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក បាញ់​ផ្ញុច​ចូល​ប្រហោង​ទ្វារ​បង​ផ្ទះ​ជនរងគ្រោះ បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់ (​ផ្ទុះ​១​គ្រាប់ មិន​ផ្ទុះ​១​គ្រាប់​)​។​

​ក្រោយមក​ជនរងគ្រោះ​បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​នៅពេល​ជនរងគ្រោះ​ត្រលប់មក​ដល់ផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ ដក​កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ ជាច្រើន​គ្រាប់​ទៀត តែ​សំណាងល្អ​កាំភ្លើង​នោះ​មិន​ផ្ទុះ​។​
​សូមបញ្ជាក់ថា ខណៈដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ជនសង្ស័យ​បាន​ហៅ​ក្រុម​អង្គរក្ស​មក​ការពារ​មួយក្រុម​ធំ​និង​ជន​ត្រូវ​ចោទ​បាន​ប្រើ​ទូរស័ព្ទដៃ​ថតរូប​ក្រុម​អ្នកសារព័ត៌មាន​ថែម​ទៀតផង​ដោយ​សមត្ថកិច្ច​មិនបាន​ដាក់​ខ្នោះ​ជនសង្ស័យ​ដទៃទៀត​នោះទេ​។​

​ក្រៅពី​សកម្មភាព​បែបនេះ​ជន​ត្រូវ​ចោទ​បាន​ប្រើ​ពាក្យសំដី​គំរាមកំហែង​ក្រុមអ្នកកាសែត​ថា លោក​បាន​ប្រាប់​ថ្នាក់លើ​អស់ហើយ ចឹ​ង​អ្នកកាសែត​តូចតាច​ចង់​ថត​អី​ថត​ទៅ​និយាយ​តែ​ជាមួយ​ថ្នាក់លើ គឺ​ចប់​ហើយ​៕