កណ្តាល ៖ ស្ត្រីដៃដល់ជាឃាតករចាក់សម្លាប់បុរសសារព័ត៌មាន “សម្លេងប្រជាជន” និងស្ត្រីជើងខ្លាំងល្បីល្បាញខាងទិញម៉ូតូពីបទល្មើសគ្រប់ខេត្ត ត្រូវបានព្រះរាជអាជ្ញារងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ នារល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នេះ។អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ទិន សុចិត្រាបានឱ្យដឹងថា ស្ត្រីជាឃាតកត្រូវបានចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន” អាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត តាម មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។ រីឯស្ត្រីដែលទទួលទិញម៉ូតូក្នុងអំពើឃាតកម្មនោះ អាចប្រឈមជាប់ពន្ធនាគារពី ២ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី ៤លាន ទៅ១០លានរៀល តាមមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា ករណីចាក់សម្លាប់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិនៅក្នុងបន្ទប់ផ្ទះសំណាក់បានកើតឡើងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ ដែលមូលហេតុ ដោយសារស្ត្រីឃាតករ ត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះប្តីរបស់គេចេញពីគុក ។ ស្ត្រីដៃដល់បានចាក់បុរសរងគ្រោះចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធម្ម ហើយក៏ប្រមូលទ្រព្យសម្បត្តិ និងម៉ូតូជិះគិចខ្លួនបាត់ ។ ស្ត្រីជាឃាតករដៃដល់ឈ្មោះ ផេង ណាន ហៅ ណា អាយុ៣៣ឆ្នាំ មានមុខរបរលក់ដូរ នៅភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជានារីម៉ាស្សា ។ ចំណែកបុរសរងគ្រោះឈ្មោះ នួន សុភាព (នួន ភាព) ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារ ព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។ ម៉ូតូបាត់បង់ម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1GG-7785 ។
ក្រោយកើតហេតុកម្លាំងជំនាញខិតខំធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនជនដៃដល់ធ្វើការសាកសួរទើបដឹងថា ម៉ូតូដែលគេប្លន់យកទៅនោះ គេយកទៅលក់ឲ្យហាងទិញលក់ម៉ូតូ សុខ ឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ នៅក្នុងភូមិគ្រឹះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទើបកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយនគរបាលស្រុកអង្គស្នួល និងនគរបាលខណ្ឌព្រែកព្នៅចុះទៅត្រួតពិនិត្យ រកឃើញម៉ូតូមិនប្រក្រតីមួយចំនួន ប៉ុន្តែម៉ូតូជនរងគ្រោះខាងលើបានលក់ទៅឲ្យអ្នកទិញជិះនៅខេត្តកំពង់ចាមបាត់ហើយក្នុងតម្លៃ១៦៩០ ដុល្លារ រួចកម្លាំងក៏បានឃាត់ខ្លួនឈ្មោះ សុខឃីម ជាអ្នកទទួលទិញម៉ូតូនោះតែម្តងទៅ ៕