ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងការបរទេសកម្ពុជាបានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការរឹតបន្តឹងទិដ្ឋាការរបស់មន្ត្រីការទូតកម្ពុជា និងក្រុមគ្រួសារ ដើម្បីជាការត្រួសត្រាយផ្លូវជាថ្មីសម្រាប់កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា សហរដ្ឋអាមេរិកឡើងវិញ។
សូមរំឭកថា ការដាក់កំហិតលើទិដ្ឋាការ ដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមកាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០១៧ កន្លងទៅ មកលើមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ធ្វើឡើងក្រោមមូលហេតុ«ការពន្យារពេលនៃដំណើរការទទួលយក» ជាការសម្រេចដែលគ្មានហេតុផល ត្រឹមត្រូវ អយុត្តិធម៌ ហើយផ្ទុយទៅនឹងច្បាប់របស់អាមេរិកខ្លួនឯង និងចោទថា ជាប់ពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ការរំលាយគណបក្សសង្គ្រោះជាតិ។
សូមបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០១៧ ក្រសួងការបរទេសអាមេរិក បានសម្រេចចាត់វិធានការ រឹតបន្តឹងទិដ្ឋាការជាផ្លូវការ ចំពោះមន្ត្រី និងគ្រួសាររដ្ឋាភិបាលកម្ពុជា ដែលប្រទេសមហាអំណាចនេះ ចោទថា ជាប់ពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការរំលាយគណបក្សសង្គ្រោះជាតិ។
ឆ្លើយតបនឹងទង្វើរបស់សហរដ្ឋអាមេរិកនាពេលនោះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាការប្រើសិទ្ធិអំណាចជាប្រទេសមហាអំណាច ធ្វើបាបមកលើប្រទេសតូចតាច ដោយបកស្រាយថា កម្ពុជាអនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ របស់កម្ពុជាលើជនណាដែលប្រព្រឹត្តទោសកំហុស និងបានចាត់ទុកអ្នកដែលការពារជនប្រព្រឹត្តបទល្មើស គឺជាអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕