ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​របស់​យោធា​មួយកន្លែង​នៅ​ស្រុក​ភ្នំស្រួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2018 ក+ ក-

​កំពង់ស្ពឺ ៖ យ៉ាងហោចណាស់​ក៌​មាន​មន្ត្រី​យោធា​ម្នាក់​បាន​រងរបួស ហើយ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​បាន​រង​ការខូចខាត​បែកបាក់​ខណៈដែល នៅ​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​យ៉ាងខ្លាំង បានកើត​ឡើង​នៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារ​ការផ្ទុះ​គ្រាប់ រំសេវ​ចេញពី​ឃ្លាំង​ស្តុក​មួយកន្លែង ដែលជា​មូលដ្ឋាន​របស់​កងយោធពល​ខេមរភូមិន្ទ បណ្តាល​ឲ្យ​ប៉ើង​ទៅបុក​ចំ​ផ្ទះ​ប្រជាពលរដ្ឋ ចំងាយ​ប្រមាណ​២ ទៅ​៣​គីឡូម៉ែត្រ រហូត​បាក់​ពិ​ដាន​សង្កត់​ម្ចាស់ផ្ទះ ដែលជា​មន្ត្រី​យោធា​រងរបួស​ទៀតផង​ដែរ​។​

​បើតាម​សមត្ថកិច្ច​ដែល​ចូលទៅ​កន្លែងកើតហេតុ បាន​និយាយ​អោយដឹងថា ឃ្លាំង​នេះ​គឺ​សម្រាប់​ស្តុក​គ្រាប់ រំសេវ ហើយ​ប្រហែល​មាន​ការខុស​បច្ចេកទេស ទើប​មានការ​ផ្ទុះ​បែបនេះ រហូត​ប៉ើង​ទៅ​ប៉ះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រង​ការខូចខាត​ទៀតផង​ដែរ​។ ករណីនេះ ក៏បាន​បណ្តាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ រិ​ទ្ធ អាយុ​ជាង​៣០​ឆ្នាំ បាន​រងរបួស​ផងដែរ ដោយសារ​ពិ​ដាន​ផ្ទះ​បាក់​ធ្លាក់​សង្កត់​ពេល​គ្រាប់​កំពុង​ផ្ទុះ​រញ្ជួយ​ដី​។​

​នគរបាល​ដដែល ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ពេលនោះ​កម្លាំង​អាវុធហត្ថ និង​អធិការនគរបាល​ស្រុក កំពុង​ស្ថិតនៅ​ទីតាំង​នោះ ហើយ​ឲ​កម្លាំង​មិនអាច​ចូលទៅក្នុង​មូលដ្ឋាន​នេះ​បានទេ ខ្លាច​រំសេវ​អាច​នឹង​បន្ត​ផ្ទុះ​ទៀត​។​

​រហូតមកដល់​ពេលនេះ មិនទាន់មាន​ព័ត៌មាន​ណា​ច្បាស់​ដឹងថា ទំហំ​នៅ​ការផ្ទុះ​នោះមក​ពីអ្វី​ហើយ​រង​ការខូចខាត​ដោយ​អ្វីខ្លះ​នោះទេ ដោយសារតែ​ជា​កន្លែង​របស់​កងទ័ព​មិន​អាចអោយ​ក្រុម​អ្នកព័ត៌មាន​ចូល​យក​ព័ត៌មាន​បានឡើយ​។​

​បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា​សង្ស័យ​មកពី​អ្នកយាម​កាម​មិន​នៅ​កន្លែង ឬ​ការ​ទុកដាក​ខុស​បច្ចេកទេស​អ្វីមួយ​ទើប​មានការ​ផ្ទុះ​បែបនេះ​នោះ​៕