រតនគិរី ៖ បន្ទាប់ពីមានការរិះគន់ចំៗពីមជ្ឈដ្ឋានទូទៅ រហូតភ្ញាក់ផ្អើលដល់អាជ្ញាធរខេត្ត ពីករណីម្ចាស់សណ្ឋាគារ សុវណ្ណគីរី គាស់កកាយសួនច្បារទ្រូងផ្លូវសាធារណៈ ក្រោមការព្រមព្រាងពីលោកអភិបាលក្រុង និងប្រធានមន្ទីរសាធារណៈការណ៍ខេត្តនោះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះ ចន្លោះសួនច្បារទ្រូងផ្លូវ ត្រូវគេជួសជុលឡើងវិញហើយ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បញ្ជាឲ្យអាជ្ញាធរក្រុង និងមន្ទីរសាធារណការណ៍ខេត្ត ស្ថាបនាសួនច្បារទ្រូងផ្លូវឡើងវិញ បន្ទាប់ពីលោកទទួលបានដំណឹង ពីករណីអាជ្ញាធរក្រុង និងប្រធានមន្ទីរសាធារណការ ព្រមព្រៀងគ្នាអនុញ្ញាតឲ្យម្ចាស់សណ្ឋាគារ សុវណ្ណគីរី កាយបំផ្លាញសួនបើកផ្លូវខាងមុខសណ្ឋាគារ។
លោក ញែម សំអឿន អភិបាលរងខេត្ត បានឲ្យក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែមករា នេះថា ការព្រមព្រាងឲ្យម្ចាស់សណ្ឋាគារសុវណ្ណគីរី គាស់កកាយសួនច្បារ បើកផ្លូវកាត់ទ្រូងផ្លូវ នៅមុខសណ្ឋាគារសុវណ្ណគីរី របស់អាជ្ញាធរក្រុង និងមន្ទីរសាធារណៈការនោះ អាជ្ញាធរខេត្តមិនបានដឹងទេ ក៏ប៉ុន្តែក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរខេត្តចុះពិនិត្យឃើញថា ករណីនេះមិនសមស្រប លោកអភិបាលខេត្ត ក៏បានឲ្យស្ថាបនាឡើងវិញឲ្យបានដូចដើម។
គួរបញ្ជាក់ថា ម្ចាស់សណ្ឋាគារ សុវណ្ណគីរី បានគាស់កាយសួនច្បារទ្រូងផ្លូងសាធារណៈ ដើម្បីសម្រួលដល់ភ្ញៀវ ងាយស្រួលចេញចូលសណ្ឋាគារ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៧មករា ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចខាងមុខ សណ្ឋាគារ សុវណ្ណគីរី ។
បច្ចុប្បន្ន សួនច្បារទ្រូងផ្លូវ ដែលរងនូវការគាស់កាយ បំផ្លាញពីសំណាក់ម្ចាស់សណ្ឋាគារខាងលើ ត្រូវបានមន្ទីរសាធារណៈការខេត្តរតនគិរី កំពង់ធ្វើការស្ថាបនាជួសជុលឡើងវិញហើយ៕
អភិបាលខេត្តបញ្ជាឱ្យស្ថាបនាឡើងវិញសួនច្បារទ្រូងផ្លូវ ដែលអភិបាលក្រុងគាស់បើកផ្លូវចូលសណ្ឋាគារ