ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការស្នើរសុំ ក៏ដូចជាមានកិច្ចព្រមព្រៀង រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដៃគូរដទៃផ្សេងទៀត អំពី ការនាំយកពលករពីក្នុងស្រុក ទៅធ្វើការនៅបរទេសគឺជារឿងល្អ ដែលជាជាឱកាសការងារថ្មីមួយ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ និងមានឱកាស ដើម្បីឆាប់ចាប់យកមុខជំនាញថ្មីៗ នឹងចំណេះដឹងបន្ថែមទៀត នៅពេលត្រឡប់មកប្រទេសវិញ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន នៅក្រោយជំនួបពិភាក្សាការងារ ជាមួយ ក្រុមការងារទំនាក់ ទំនង របស់សាធារណរដ្ឋលីបង់ នៅព្រឹកថ្ងៃ២៩ មករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា នេះជាយុទ្ធសាស្ត្រមួយ ក្នុងការដោះស្រាយការងារ ទន្ទឹមនឹងបង្កើតការងារនៅក្នុងប្រទេស។លោកបន្តថា ការបើកឱកាសការងារថ្មី ជូនដល់បងប្អូនពលករខ្មែរ ក្រោយត្រឡប់មកវិញ បងប្អូនពលករ អាចក្លាយជាធនធានមនុស្ស សម្រាប់បម្រើឲ្យសំណូមពរ នៃទីផ្សារ ការងារ ឬ មួយបង្កើតមុខរបរការងារថ្មី នៅក្នុងប្រទេស ជំរុញការអភិវឌ្ឍន៍ ដើម្បីឈានទៅគោលដៅកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដែលនេះជាយុទ្ធសាស្ត្រមួយក្នុងការដោះ ស្រាយទៅលើបញ្ហាមុខរបរនិងការងារ ជូនដល់ប្រជាពលរដ្ឋ។
ទាក់ទងនឹងជំនួបរវាង កម្ពុជា និង លីបង់ នាពេលនោះវិញ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាឱកាសមួយដ៏ល្អ បើសិនជាមានកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងលីបង់ ព្រោះថា លីបង់ជាប្រទេសមួយ មានការអភិវឌ្ឍន៍ ហើយទន្ទឹមនឹងនេះក៏អាចពង្រីកទៅប្រទេសជិតខាងនៅក្បែរនោះស្ថិតនៅជាប់ អឺរ៉ុបថែមទៀត។
លោកថា នេះជាការជំរុញបង្កើតនូវឱកាស ក៏ដូចជាបើកទូលាយទីផ្សារការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេស យុវជនដែលមានចំណាប់អារម្មណ៍។ កន្លងមកយើងមានកិច្ចព្រមព្រៀង ជាមួយ កាតា និង អារ៉ាប់សាអូឌីត ហើយប្រសិនបើកម្ពុជា បង្កើតបានឱកាសជាមួយ លីបង់ ថែមទៀតនោះក៏ជាឱកាសដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ ទៅធ្វើការនៅទីនោះផងដែរ។
សូមបញ្ជាក់ថា សាធារណរដ្ឋលីបង់ មកទល់បច្ចុប្បន្ន កំពុងទទួលពលករមកពីប្រទេសចំនួន៩ រួមមាន៖ ម៉ាដាហ្គាសកា អេត្យូពី បង់ក្លាដេស នេប៉ាល់ហ្វីលីពីន សេរីលង្កា វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ដែលមានប្រភេទការងារដូចជា ការងារក្នុងសណ្ឋាគារ ការងារផ្ទះ អ្នកលក់ក្នុងហាងទំនិញ ភោជនីយដ្ឋានហាងសាឡនសំអាង និងហាងកាត់សក់ជាដើម៕