ឆ្មាំ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា តុ​ប វី​រ៉ា​ដា នៅ​ស្រុក​កោះ​ញែក បាញ់​គំរាម​អ្នក កាសែត​៧​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2018 ក+ ក-

មណ្ឌលគិរី ៖ អ្នកកាសែត​មកពី​បណ្ដា​អង្គភាព​ផ្សេងៗ​គ្នា ជាង​២០​នាក់ ដែល​អះអាងថា​បាន​រង​ការបាញ់​គំរាម​ពី​ក្រុមកម្មករ​យាមឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា ដែលមាន​ទីតាំង​ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេ​ត្ក​មណ្ឌលគិរី កាលពី​ថ្ងៃអាទិត្យ​ទី ២៨ ខែមករា ឆ្នាំ​២០១៨​នេះ បាននាំគ្នា​ដាក់ពាក្យ​ប្តឹង​ទៅកាន់​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌ ។

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃអាទិត្យ​ទី​២៨ នេះ មាន​អ្នកកាសែត​មួយក្រុម​ប្រមាណ​20​នាក់​បាន​ចុះទៅ​ដល់ទី​តាំង​ឃ្លាំង​ស្តុក​ឈើ​របស់លោក តុ​ប វី​រ៉ា​ដា ដែលមាន​ទីតាំង​ខាងលើ​។ បន្ទាប់មក​ក៏មាន​ករណី​លាន់លឺ​សម្លេង​ផ្ទុះអាវុធ​ចំនួន​៧​គ្រាប់​ចេញពី​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ធ្វើអោយ​ក្រុមអ្នកកាសែត​ទាំងនោះ មានការ​ភិតភ័យ​រត់​ចែកផ្លូវ​គ្នា​។ ក្រោយមក​ក្រុមកម្មករ​អ្នកយាម​ឃ្លាំង​បាន​ដិ​សេធ​ថា ពុំមាន​ការផ្ទុះអាវុធ​ទេ គឺជា​សម្លេង​ដុត​ផាវ​ទៅវិញ​។ ពាក់ព័ន្ធ​ករណីនេះ​ដែរ​មេការ​ក្រុម​ក្រុមហ៊ុន​ឈ្មោះ តុ​ប សុផាន់​ណា មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក​ត្រូវបាន​អ្នកផ្សេង​ទទួល​។

ដោយឡែក​លោក តុ​ប វី​រ៉ា​ដា ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​ព្រោះ​ទូរស័ព្ទ​របស់លោក​ខ​ល​ចូល​តែ​ត្រូវបាន​អ្នកផ្សេង​លើក​។ អធិការនគរបាល​ស្រុក​កោះ​ញ៉ែ​កលោក ឃ្លោក សុភា បាន​ប្រាប់ថា ករណីនេះ​លោក​បានទទួល​ព័ត៌មាន​ខ្លះ​ដែរ ដោយ អះអាង​បន្ទរ​តាម​ក្រុមឆ្មាំឃ្លាំង​ឈើនោះ​ថា គឺជា​ការដុត​ផាវ​ក្នុង​កំប៉ុង​លេង​។ លោក​អធិការ​បញ្ជាក់​បន្តទៀត​ថា​លោក​មិនទាន់​បានទទួល​ពាក្យបណ្តឹង​ពិ​ករណីនេះ​នៅឡើយ​ទេ តែ​ករណីនេះ​ត្រូវបាន​ប្តឹងទៅ​កាន់​ខាង​ប៉េអឹម​ស្រុក​ហើយ​។

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញ៉ែ​កលោក រស់ ប​ញ៉ា មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​ពន្យល់បាន​ទេពី​បញ្ហា​នេះ​ព្រោះ​លេខ​ទូរស័ព្ទ​របស់លោក​ដែល​អ្នកព័ត៌មាន​ធ្លាប់​ស្គាល់​មិនអាច​ទទួល​ការហៅ​ចូល​បាន​។

​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក ប៉ែន បូ​ណា បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​បើសិន​ជាមាន​ករណី​ផ្ទុះអាវុធ​នេះ​មែន ព្រោះ​វា​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ទៅនឹង​ផ្លូវច្បាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ប្រ​ធាប​ក្លឹប​អ្នកកាសែត​ក៏បាន អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួ​តែមាន​ការស៊ើបអង្កេត​អោយបាន​ច្បាស់លាស់​ផងដែរ​។

​គួរ​បញ្ជាក់ថា​ ​លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា ដែលមាន​ថា​នន្តរ​ស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ពាក់​ផ្កាយ​ពីរ​មេបញ្ជាការរង​យោធភូមិភាគ​ទី​១ ត្រូវគេ​ដឹងថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​យ៉ាង​ល្បីឈ្មោះ ដែល​មិន​ធ្លាប់​ត្រូវ​រង​ការបង្ក្រាប​ម្តងណា​ឡើយ​៕

( រូបទី១ ៖ ទិដ្ឋភាពក្រុមអ្នកកាសែតរត់គេច ពេលឮផ្ទុះអាវុធពីក្នុងឃ្លាំងឈើរបស់លោក តុប វីរ៉ាដា)