មណ្ឌលគិរី ៖ នៅចន្លោះម៉ោងប្រហែល៤-៥ល្ងាច ថ្ងៃទី៣០ មករា ២០១៨ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បានកើតឡើងបណ្ដាលឲ្យ មនុស្ស៣នាក់បានស្លាប់ មានមន្ត្រីកងរាជអាវុធហត្ថ១នាក់ មន្ត្រីបរិស្ថាន១នាក់ និងមន្ត្រីអង្គការ១នាក់ ហើយការផ្ទុះនេះគេនៅមិនទាន់ដឹងថា នរណាជាជនល្មើសនោះទេ ព្រោះខ្មាន់កាំភ្លើងលបបាញ់ពីក្រោយ ។
ហេតុការណ៍ នេះ គឺបានកើតឡើងនៅចំណុចចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិសា្ថនខេត្តមណ្ឌលគិរី បានថ្លែងនៅយប់ថ្ងៃទី៣០ មករា នេះ ថា មុនឈានដល់មាន ការផ្ទុះអាវុធធ្វើឲ្យមន្ត្រីរបស់លោកបានស្លាប់ គឺក្រុមមន្ត្រីជំនាញរបស់លោកបានល្បាតព្រៃ និងឈានដល់ការបង្ក្រាប បទល្មើសព្រៃឈើ១ករណី ឃាត់ខ្លួនបានមនុស្សមួយចំនួន និងវត្ថុតាងម៉ូតូដឹកឈើ រួមនិងម៉ាស៊ីនត្រង់ស៊ីន័រ នៅក្បែរចំណុចកើតហេតុ ។ ក្រោយពេលបង្ក្រាបរួចរាល់ មនុស្សទាំងនោះគឺមន្ត្រីជំនាញបានប្រគល់ទៅឲ្យសមត្ថកិច្ចនៅ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ដែលមន្ត្រីមូលដ្ឋានជាអ្នកបន្តនីតិវីធី ហើយមន្ត្រីជំនាញរបស់លោករឹបអូស យកតែវត្ថុតាងម៉ូតូ រួមនិងម៉ាស៊ីនត្រង់ស៊ីន័រប៉ុណ្ណោះ។ប៉ុន្តែក្នុងពេលក្រុមមន្ត្រីជំនាញត្រលប់មកវិញពីចំណុចបង្ក្រាប បានប្រហែលតែ២គីឡូម៉ែត្រ ក៏មានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់មកពីក្រោយសំដៅមកក្រុមមន្ត្រីល្បាត បណ្ដាលឲ្យមានអ្នក ស្លាប់យ៉ាងអាណោចអាធ័មតែម្ដង និងពុំបានដឹងថា នរណាជាជនល្មើសនោះទេ ។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្ត្រីអាវុធហត្ថផ្ទៃប្រទេស (ស្លាប់), ទី២៖ ឈ្មោះ តើន សុខណៃ ជាមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល ជាអ្នកនាំផ្លូវ ឈ្មោះ ថុល ខ្នា បានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានថ្លែងថា ជុំវិញករណីនេះលោកបាន និងកំពុងបញ្ជាឲ្យកម្លាំងពាក់ព័ន្ធចុះស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើសជាបន្ទាន់ហើយ ដើម្បីឱ្យដឹងពីមូលហេតុពិត និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕