កណ្តាល ៖ បុរសដែលជាតៃកុងរថយន្តសង្គ្រោះបន្ទាន់ម្នាក់ ត្រូវបានតុលាការខេត្តកណ្តាលសម្រេចចេញដីកាឃុំខ្លួន កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨ ចេញដោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល ។
ជនដែលត្រូវឃុំខ្លួនមានឈ្មោះ ផុន ថាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរបើកបរថយន្តសង្គ្រោះបន្ទាន់ ។ នៅក្នុងដីកាសម្រេចឃុំខ្លួនរបស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល នេះ បានធ្វើការចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្តាលឱ្យមនុស្សស្លាប់ និងរបួស ។
គួររំលឹកថា ជនត្រូវចោទបានជាប់ពាក់ព័ន្ធនឹងករណី ដែលបានបើករថយន្តសង្គ្រោះបន្ទាន់មួយ របស់គ្លីនិកសម្ភព ម៉ិញ វុទ្ធី រថយន្តពាក់ស្លាកលេខកណ្តាល២A ៧៧៤៨ ក្នុងល្បឿនលឿនរហូតឈានទៅដល់បង្កគ្រោះថ្នាក់បុកមនុស្ស២នាក់ ដែលជាអ្នកកំពុងជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ត បណ្តាលឱ្យរងរបួស ហើយស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបានប្រហែល៦ម៉ោង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងឈើនាងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានម៉ូតូ១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១O ១៧៤៣ បើកបរដោយឈ្មោះ សេង នី ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពងចាម មុខរបរអ្នកបើកបររថយន្តរោងចក្រ សាប្រ៊ីណា ជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ មានទិសដៅពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម ) លុះដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តមិនស្គាល់ម៉ាក (បើករត់គេចបាត់) ក្នុងទិសដៅស្របគ្នា បណ្ដាលអោយរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋអ្នកដំណើរចំនួន៣នាក់ បានឈប់ម៉ូតូ ដើម្បីជួយសង្គ្រោះជនរងគ្រោះ នឹងសំរួលចរាចរណ៍ ស្របពេលនោះ ក៏មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទរថយន្តសង្គ្រោះ) (ជារបស់គ្លីនិកសម្ភព ម៉ិញ វុទ្ធី) ពណ៌ស ពាក់ស្លាកលេខ កណ្តាល២A ៧៧៤៨ បើកបរដោយឈ្មោះ ផុន ថាត ភេទប្រុស (ជនជាប់ចោទខាងលើ) ដែលបើកពីទិសខាងកើតទៅទិសខាងលិច មកជួយសង្គ្រោះជនរងគ្រោះក្នុងករណីខាងលើ ក៏ជ្រុលទៅបុកអ្នកជួយសង្គ្រោះបណ្ដាលឱ្យរងរបួសចំនួន២នាក់ ទី១-ឈ្មោះ អៀង ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកម្មករ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានប្រហែល៦ម៉ោង និងទី២-ឈ្មោះ ឃឹម ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ កប់ជន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកសិករ ជាម្ចាស់ម៉ូតូម៉ាកគុប C៥០ ពណ៌ទឹកប៊ិច រងរបួសស្រាល ។
ការសម្រេចឃុំខ្លួនរបស់តុលាការខេត្តកណ្តាលនេះ ភ្នាក់ងារ ព័ត៌មានមិនអាចសុំការពន្យល់លពីលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាលបានទេ ដោយសារទូរស័ព្ទរបស់លោកទាក់ទងមិនចូលនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ។
ដោយឡែពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ លោកឧត្តមសេនីយ៍ វ៉ែន សាវិន ក៏បានប្រាប់ កាលពីរសៀលថ្ងៃទី ៣០ ខែមករា នេះថា អ្នកបើកបរត្រូវតែមានការប្រុងប្រយ័ត្ន បើសិនខ្ជីខ្ជាគ្មានការប្រុងប្រយ័ត្ន គឺត្រូវទទួលទោសតាមផ្លូវច្បាប់ ថ្វីត្បិតគាត់បើករថយន្តសង្គ្រោះបន្ទាន់ទៅយកអ្នករបួសដើម្បីសង្គ្រោះជីវិត ប៉ុន្តែគាត់បើកលឿនពេក ក៏ទៅបុកអ្នកដែលកំពុងជួយសង្គ្រោះអ្នករបួសបណ្តាលឱ្យស្លាប់ទៅវិញ ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទ ពិសេសរថយន្តដឹកថ្ម ដឹកដី ខ្សាច់ ទោះប្រញាប់យ៉ាងណាក៏ដោយ ក៏ត្រូវតែគិតពីគ្រោះថ្នាក់ដល់គេដែរ ៕