ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១២ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវរៀបចំពិធីបុណ្យមាឃបូជាឆ្នាំនេះ នៅតាមទីវត្តអារាមទាំង១៥០វត្ត ក្នុងរាជធានីភ្នំពេញ ព្រោះពិធីបុណ្យមាឃបូជានេះ ជាបុណ្យដ៏ធំជាងគេនៅកម្ពុជា។
តាមសេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យមាឃបូជា របស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិឆ្នាំនេះ ពិធីបុណ្យមាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពលេ២ថ្ងៃ គឺត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅបរិវេណព្រះមាហាសក្យមុនី ចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ។
ដើម្បីញ៉ាំងឲ្យពិធីដ៏មង្គលនេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិកអធិកអធ័ម ស័ក្តិសមទៅនឹងអត្ថន័យ និងខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមសូមណែនាំ៖
ទី១៖ គ្រប់រដ្ឋបាលខណ្ឌ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវចាត់ការតាំងរៀបចំឲ្យមានពិធីបុណ្យមាឃបូជា ឲ្យបានអធិកអធ័ម នៅទីវត្តអារាមមួយក្នុងមូលដ្ឋានជាផ្លូវការ។
ទី២៖ គ្រប់រដ្ឋបាលខណ្ឌ ត្រូវបំផុសឲ្យតុបតែងលម្អ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមអាគារសាធារណៈរោងចក្រ សហគ្រាស គ្រប់គេហដ្ឋាន វត្តអារាម ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីសាសនាខាងលើ ឲ្យប្រព្រឹត្តទៅប្រកបដោយកិត្តិយសនិងថ្លៃថ្នូរ។
ទី៣៖ រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពត្រូវចាត់តាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ចួលរួមក្នុងពិធីបុណ្យមាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ។
ទី៤៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ចុះធ្វើសកម្មភាពយកព័ត៌មានការផ្សព្វផ្សាយធម្មទេសនា អំពីប្រវត្តិនៃពិធីមាឃបូជានេះ ឲ្យបានទូលំទូលាយស័ក្តិសមជាទិវាបុណ្យជាតិដ៏រុងរឿង។
ទី៥៖ ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យ និងតាមផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីរង្វង់មូលជ្រោយចង្វា រហូតដល់ព្រំទល់ខេត្តកណ្តាល៕