ភ្នំពេញ ៖ អគ្គនាយកអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញទិន្នន័យជាផ្លូវការ អំពីប្រាក់ចំណូលពន្ធដាររបស់កម្ពុជា ដែលនៅក្នុងឆ្នាំ២០១៧ ប្រមូលបានចំនួន ១ពាន់៩រយ៣០លានដុល្លារ គឺ កើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំ ២០១៦។ ចំណែកការប្រមូលថវិកាពន្ធគយ មានចំនួន១ពាន់៩រយលានដុល្លារ ក្នុងឆ្នាំ២០១៧ គឺកើនឡើង ១០,៤ ភាគរយផងដែរ ធៀបនឹងឆ្នាំ ២០១៦ ។
ដូចនេះ ប្រសិនបើបូកបញ្ចូលប្រាក់ចំណូលពន្ធអាករ និងប្រាក់ចំណូលពន្ធគយរួមគ្នាក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលដែលរាជរដ្ឋាភិបាល ប្រមូលបានសរុបមានជាង ៣ពាន់៨រយលានដុល្លារអាមេរិក។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាពេលថ្មីៗនេះថា ការសម្រេចបានការប្រមូលចំណូលពន្ធអាករ ជិត២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ គឺច្រើនជាងផែនការដែលបានកំណត់ក្នុងច្បាប់ថវិកាជាតិឆ្នាំ ២០១៧ រហូតដល់ ១៣ ភាគរយ។ ក្នុងអាត្រាកំណើននេះ គឺដោយសារការប្រមូលពន្ធលើប្រាក់ចំណូលបានកើនឡើង ៣១ ភាគរយ! ការប្រមូលពន្ធលើតម្លៃបន្ថែម VAT បានកើនឡើង ៣១ ភាគរយ! ការប្រមូលពន្ធលើអចលនទ្រព្យកើនឡើង ១២ ភាគរយ និងការប្រមូលពន្ធលើប្រាក់ខែ កើនឡើង ១០ ភាគរយ។
លោក គង់ វិបុល បានចាត់ទុកថា កំណើននេះជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការកែទម្រង់លើប្រព័ន្ធពន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាប់តាំងពីចុងឆ្នាំ២០១៥មក អគ្គនាយកដ្ឋានពន្ធដារ បានលុបចោលរបបពន្ធម៉ៅការដែលគ្រប់គ្រងមិនបានល្អរបស់ខ្លួន និងប្តូរទៅជាការដាក់អ្នកជាប់ពន្ធទាំងអស់នៅក្នុងរបបពិតកាន់តែតឹងរ៉ឹងជំនួសវិញ។
ម្យ៉ាងវិញទៀត នៅពេលបច្ចុប្បន្ន ម្ចាស់សហគ្រាសនានា ក៏ចាប់ផ្តើមមានឆន្ទៈក្នុងការគោរព និងប្រកាសដោយផ្ទាល់អំពីការបង់ពន្ធជូនរដ្ឋ ដែលធ្វើឲ្យប្រាក់ចំណូលពន្ធកើនឡើងគួរឲ្យកត់សម្គាល់ ៕