ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរំពឹងទុកថា សេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមាអាចនឹងបញ្ចប់ជាផ្លូវការក្នុងអំឡុងឆមាសទីមួយឆ្នាំ២០១៨នេះ ពោលគឺនៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យ ពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នាព្រឹក ថ្ងៃទី៣០ ខែមករា លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាតាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំមួយ ក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយសមស្របតាមបែបវិទ្យាសាស្ត្រ ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាដែលមានតំណាងស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរដ្ឋាភិបាល។ ក្រុមប្រឹក្សានេះ នឹងសិក្សាស្រាវជ្រាវនិងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមានិងអត្ថប្រយោជន៍ផ្សេងៗរបស់ ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយប្រជុំពិភាក្សាដោយឈរលើគោល ការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះឈ្នះ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យមានការប្រជុំពិភាក្សាត្រីភាគី លើសេចក្តីព្រាងច្បាប់នេះ ចំនួន០២លើករួចមកហើយ កាលពីឆ្នាំ២០១៦ និងចំនួន០២លើកទៀត នៅក្នុងឆ្នាំ២០១៧កន្លងទៅ។
តាមរយៈកិច្ចប្រជុំត្រីភាគី និងសិក្ខាសាលាពិគ្រោះយោបល់ទាំងនោះ ក្រសួងការងារបានទទួលធាតុចូល ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ភាគីសហជីព ភាគីនិយោជក អង្គការអន្តរជាតិខាងការងារ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត ហើយក្រុមការងារកសាងខ្លឹមសារសេចក្តីព្រាងច្បាប់ក៏បានសិក្សាផ្ទៀងផ្ទាត់មើលមតិយោបល់ទាំងនោះ ដើម្បីកែសម្រួលនិងដាក់ឲ្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនាពេលនេះ៕