ភ្នំពេញ ៖ ការកែសម្រួលអត្រាពន្ធអាករថ្មីក្នុងឆ្នាំ២០១៨ អាចធ្វើអោយតម្លៃរថយន្តឡើងថ្លៃ ចំណែកតម្លៃទូរស័ព្ទនៅប្រទេសកម្ពុជាបានធ្លាក់ចុះ។
ចាប់តាំងពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨មក មុខទំនិញមួយចំនួន ត្រូវបានចាប់ផ្ដើមអនុវត្ត ទៅតាមអត្រាពន្ធអាករថ្មី ក្រោយមានប្រកាសសម្រេចកែសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៧។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មុខទំនិញដែលត្រូវតម្លើងអត្រាពន្ធអាករនោះ រួមមាន រថយន្តប្រភេទគ្រួសារប្រើប្រាស់ប្រេងឥន្ធនៈសុទ្ធ ដែលមានទំហំស៊ីឡាំងលើសពី ៣០០០ cc ត្រូវដំឡើងអាករពិសេសបន្ថែម៥% ពីអាត្រាចាស់ចំនួន ៦៥% ឡើងដល់ ៧០%។ មានន័យថា រថយន្តមួយ ចំនួនដូចជា Highlander, Lexus RX និងប្រភេទរថយន្ត Pick Up ជាដើម ដែលនាំចូលមកដល់កម្ពុជាក្នុងឆ្នាំ២០១៨ នឹងត្រូវតម្លើងថ្លៃលក់ក្នុងទីផ្សារ។ ទន្ទឹមនេះ តម្លៃលក់រថយន្តនៅតាមក្រុមហ៊ុន និងកន្លែងលក់មួយចំនួនអាចនៅរក្សាតម្លៃលក់ចេញដូចមុនចំពោះរថយន្តដែលបាននាំចូលមកកម្ពុជាមុនឆ្នាំ២០១៨ ប៉ុន្តែរថយន្តដែលនាំចូលមកក្រោយ ការកំណត់ដំឡើងអាករថ្មីបន្ថែម៥ភាគរយនេះ អាចនឹងត្រូវដំឡើងក្នុងតម្លៃលក់ថ្លៃជាងមុន ។ ទន្ទឹមនេះ សេចក្តីប្រកាសមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលផ្ញើជូនពាណិជ្ជករ និងធុរជននាំចូលរថយន្តនោះ បានបញ្ជាក់ថា ពន្ធមួយប្រភេទទៀតសម្រាប់ការនាំចូលរថយន្ត គឺកើនឡើងរហូតដល់១១០% ក្នុងឆ្នាំ២០១៨នេះ។
ជាការកត់សំគាល់ ការតម្លើងពន្ធថ្មីនេះ អាចនឹងប៉ះពាល់ដល់តម្លៃរថយន្តថ្មី ដោយ ក្រុមហ៊ុននាំចូលរថយន្តធំៗនៅក្នុងរាជធានីភ្នំពេញ យល់ឃើញថា ការដំឡើងពន្ធរថយន្តពី៦៥ ទៅ៧០% ដែលប្រកាសកាលពីចុងឆ្នាំ២០១៧ គ្មានអ្វីជាឧបសគ្គទេ ក៏ប៉ុន្តែ ពន្ធមួយប្រភេទទៀតដែលត្រូវបានប្រកាសដំឡើង ពីអាត្រាចាស់ជាង៨០ ទៅអាត្រាពន្ធថ្មីដល់១១០% នឹងធ្វើអោយក្រុមហ៊ុនលក់រថយន្តថ្មីជួបការលំបាក ដោយសារតម្លៃរថយន្តថ្មីខ្ពស់ខ្លាំងនឹងជំរុញអោយប្រជាពលរដ្ឋងាកទៅទិញរថយន្តមួយតឹកកាន់ច្រើន។
ទន្ទឹមនេះ ក៏មានការយល់ឃើញពីអ្នកលក់រថយន្តមួយចំនួនដែរថា គោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការតម្លើងពន្ធនាំចូលរថយន្តនេះ គឺកាត់បន្ថយពន្ធពីមានជីវភាពកំរិតទាប និងមធ្យម ហើយដំឡើងពន្ធពីអ្នកមានជីវភាពធូរធារដែលមានលទ្ធភាពទិញរថយន្តថ្មី។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន បង្ហាញថា គិតចាប់ពីឆ្នាំ១៩៩០ មកត្រឹមឆ្នាំ២០១៧ មានយានយន្ត និងទោចក្រយានយន្តចុះបញ្ជីនៅក្រសួង ជាង៤លានគ្រឿង ក្នុងនោះរថយន្តធុនស្រាលជាង៣៧ម៉ឺនគ្រឿង ស្មើ៩,៣%, រថយន្តធុនធ្ងន់ជាង២១ម៉ឺនគ្រឿង ស្មើ៥,៤% និងទោចក្រយានយន្តជាង៣,៤លានគ្រឿង ស្មើ៨៥,៣% ។
ដោយឡែក ងាកមកមើលតម្លៃទូរស័ព្ទក្រោយប្រកាសអាករថ្មីក្នុងឆ្នាំនេះវិញ អាចនឹងមានការធ្លាក់ថ្លៃបន្តិច ដោយសារ ក្នុងគោលការណ៌សម្រួលអាត្រាពន្ធថ្មី គឺការនាំចូលទូរស័ព្ទត្រូវបានកាត់បន្ថយអាករពិសេសពីចំនួន ១០% មកនៅត្រឹមតែ ៥%ប៉ុណ្ណោះ។ ដូចនេះ តម្លៃលក់ទូរស័ព្ទដៃទំនើបៗ ក្នុងឆ្នាំនេះ រំពឹងថា នឹងធ្លាក់ចុះទាបជាងកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចកែសម្រួលអាត្រាពន្ធអាករក្នុងឆ្នាំ២០១៨នេះ មុខទំនិញ មួយចំនួនក៏ត្រូវបានទម្លាក់អាត្រាពន្ធនាំចូលផងដែរ ដូចជា គ្រឿងឧបករណ៌មេកានិចបាញ់ព្រួសសម្រាប់កសិកម្ម ត្រូវបានទម្លាក់ពីអាត្រាពេលមុន១៥ភាគរយ មកនៅ០ភាគរយតែម្តង។ ការនាំចូលសាច់សត្វ សាច់ត្រី សាច់សត្វរស់នៅក្នុងទឹក ត្រូវបានទម្លាក់ពីអាត្រា ៣៥ភាគរយ មកនៅត្រឹម ១៥ភាគរយ។ ទឹកដោះគោរាវ ម្សៅទឹកដោះគោ ម្សៅស្រូវសាលី ត្រូវបានបញ្ចុះអាត្រាពី១៥ មកនៅត្រឹម៧ភាគរយ។
ប៉ុន្តែការនាំចូល ស៊ីម៉ង់ដ៍ ត្រូវបានដំឡើងអត្រាពន្ធអាករពិសេសពី០ភាគរយ កាលពីពេលមុន មក៥ភាគរយ ក្នុងឆ្នាំ២០១៨ នេះ៕