ផ្នំពេញ ៖ ឆ្មាំពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នឹងនាំលោក កឹម សុខា មកដល់សាលាឧទ្ធរណ៍នាទីក្រុងភ្នំពេញ នៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីចូលរួមសវនាការតាមបណ្តឹងសុំនៅក្រៅឃុំ។ នេះបើតាមលើកឡើងនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នេះ។
សូមបញ្ជាក់ថា សវនាការនៅថ្ងៃស្អែកនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដែលបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី ១៨ មករា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញច្រានចោលពាក្យបណ្ដឹងសុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំ។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយដែលថា លោកអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់មក លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ “ក្បត់ជាតិ”ហើយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ៕