លោក កឹម សុខា បាន​បញ្ជូន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​មកដល់​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​សវនាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2018 ក+ ក-

​ភ្នំពេញ ៖ ជន​ត្រូវ​ចោទ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បញ្ជូនមក​ស​ភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​០១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨ នេះ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ។ ក្រុម​អ្នកសារព័ត៌មាន ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​សាលាឧទ្ធរណ៍​ទេ ។ សវនាការ​នេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ និង លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ ។​

​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ មួយ​បង្ហាញថា លោក​បាន​សារភាព​អំពី​ការ​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​យូរណាស់​មកហើយ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ល្មើស “​ក្បត់ជាតិ​”​ដែល​អាច​ប្រឈមមុខ​នឹង ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ “​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​”​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទោះបី​ជាមាន​បណ្តឹង​ជំទាស់ និង​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​នា​ថ្មីៗ​នេះ ទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បានសម្រេច​ទាត់ចោល​បណ្តឹង​របស់ ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន លោក កឹម សុខា ដោយ​ស្ថាប័ន​តុលាការ អះអាងថា ការសម្រេច​ឃុំខ្លួន លោក កឹម សុខា ជា​រឿង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​៕